ក្នុងសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ រដ្ឋមន្ត្រីឧស្សាហកម្មកម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍

ចិន៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ។
ថ្លែងទៅកាន់អង្គសន្និសីទ នៅក្នុង ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងអ្នកជំនាញមកពីបណ្តាប្រទេសដៃគូនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លោក ហែម វណ្ឌីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងបរិយាបន្ន។លោក បានលើកឡើងថា៖ “សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការនេះគឺជាការបោះជំហានដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ។”
សន្និសីទខ្សែក្រវាត់ និងផ្លូវស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី២ គឺជាវេទិកាជំរុញកិច្ចសហប្រតិបត្តិនវានុវត្តន៍ក្នុងចំណោមប្រទេសដែលចូលរួមអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ សន្និសីទឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីនវានុវត្តន៍ ការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា” ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សកលមួយប្រកបដោយបរិយាបន្ន។
កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនេះ។ ចាប់តាំងពីឆ្នាំ២០២២ មក កម្ពុជាបានចុះអនុស្សរណៈលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាច្រើន ជាមួយភាគីចិន ដោយបានអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នា ការផ្ទេរបច្ចេកវិទ្យា និងកម្មវិធីផ្លាស់ប្តូរការរៀនសូត្រពីគ្នាជាដើម។ វឌ្ឍនភាពសំខាន់មួយទៀតដែលនឹងលេចចេញក្នុងខែមិថុនាខាងនេះ គឺការចាប់ផ្តើមគម្រោងស្រាវជ្រាវ កម្ពុជា-ចិន ក្នុងគោលបំណងពន្លឿនកិច្ចសហការផ្នែកវិទ្យាសាស្ត្រ។
នៅក្នុងសុន្ទរកថាជូនដល់អង្គសន្និសីទ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើតគំនិតផ្តួចផ្តើមពីរទៀត គឺ ធនធានឌីជីថលរួមខ្សែក្រវាត់និងផ្លូវ (Belt and Road Digital Commons) ដើម្បីផ្តល់លទ្ធភាពសម្រាប់ការចូលប្រើប្រាស់ទិន្នន័យ ឧបករណ៍ និងមូលនិធិ ព្រមទាំង ក្របខ័ណ្ឌអភិបាលកិច្ចបច្ចេកវិទ្យាប្រកបដោយបរិយាបន្ន ដើម្បីធានាថាអត្ថប្រយោជន៍នៃបច្ចេកវិទ្យាត្រូវបានចែករំលែកដោយសមធម៌ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកបានបន្ថែមថា៖ «ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យារបស់ចិនមិនមែនសម្រាប់តែបម្រើប្រយោជន៍ប្រទេសចិនទេ ប៉ុន្តែក៏បាននិងកំពុងផ្តល់វិបុលភាពជាសកល។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកសាងវិបុលភាពនេះសម្រាប់អនាគត»៕