លំនៅឋាន ៣ ៦៧១ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

សៀមរាប៖ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗ គ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះ បើតាមមន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី ២៥ ខែកញ្ញានេះ ។
ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច៕