Close

ក្រុមហ៊ុនវិនិយោគចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើននៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនវិនិយោគចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើននៅកម្ពុជា ក្រុមហ៊ុនវិនិយោគចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd បានបង្ហាញចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងថាមពល។

ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឱ្យចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ។

ក្រុមហ៊ុនវិនិយោគចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើននៅកម្ពុជា

នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយលើការវិនិយោគឯកជន របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានគោរពស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

គណៈប្រតិភូក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងថាមពល ខណៈពេលដែលកម្ពុជាក៏បានបង្ហាញឱ្យឃើញអំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍វិនិយោគិនផងដែរ៕

ក្រុមហ៊ុនវិនិយោគចិនមួយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើននៅកម្ពុជា

អត្ថបទទាក់ទង