Close

អង្គការអុកស្វាម គាំទ្រដល់សហគមន៍ភៀសសឹក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថៃ-កម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អង្គការអុកស្វាម គាំទ្រដល់សហគមន៍ភៀសសឹក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថៃ-កម្ពុជា អង្គការអុកស្វាម គាំទ្រដល់សហគមន៍ភៀសសឹក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថៃ-កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅទីក្រុងគូឡាឡាំពួ អង្គការអុកស្វាម (Oxfam) សូមស្វាគមន៍ចំពោះលទ្ធផលការទូតដ៏មានសារៈសំខាន់នេះ និងបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ។

ខណៈពេលដែលបទឈប់បាញ់ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព តម្រូវការមនុស្សធម៌របស់ជនភៀសសឹក ជាង ១៧០,០០០នាក់ នៅតែជាកិច្ចការបន្ទាន់។ អង្គការអុកស្វាម នៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ជាពិសេសនៅក្នុងជំរុំជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលគ្រួសារនៅតែជួបប្រទះនឹងផលវិបាកនៃការផ្លាស់ទីលំនៅ។

អង្គការអុកស្វាមគាំទ្រដល់សហគមន៍ភៀសសឹក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថៃ-កម្ពុជា

ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា អង្គការអុកស្វាម បានធ្វើការវាយតម្លៃតម្រូវការរហ័ស ដោយមានការសម្របសម្រួលជាមួយដៃគូក្នុងស្រុករួមមាន ក្រុមគាំទ្រភូមិ (VSG) និងអង្គការសកម្មភាពដើម្បីការអភិវឌ្ឍន៍ (AFD)។ ការវាយតម្លៃតម្រូវការរហ័សដែលធ្វើឡើងដោយអង្គការអុកស្វាម និងដៃគូ បានបង្ហាញពីបញ្ហាប្រឈមផ្នែកមនុស៌្សធមដ៏សំខាន់ដែលជនភៀសសឹកកំពុងជួបប្រទះ។ ជំរុំជនភៀសសឹកជាច្រើនកំពុងតស៊ូជាមួយនឹងគម្លាតធ្ងន់ធ្ងរនៅក្នុងសេវាមូលដ្ឋាន រួមទាំងលទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងសម្ភារៈអនាម័យផ្សេងៗ ដែលបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់អាហារមូលដ្ឋានភ្លាមៗត្រូវបានផ្តល់ដោយយន្តការសាធារណៈ និងឯកជន។

ប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានពង្រីក ដោយមានតម្រូវការបន្ទាន់សម្រាប់ថ្នាំសំខាន់ៗ ការថែទាំមាតា និងការព្យាបាលសម្រាប់ស្ថានភាពរ៉ាំរ៉ៃ។ បន្ថែមពីលើតម្រូវការរាងកាយ ការវាយតម្លៃបានបង្ហាញពីភាពតានតឹងផ្នែកចិត្តសាស្ត្រយ៉ាងសំខាន់ ជាពិសេសក្នុងចំណោមកុមារ និងបុគ្គលវ័យចំណាស់ ដែលភាគច្រើនកំពុងប្រឈមមុខនឹងការប៉ះទង្គិច និងភាពមិនច្បាស់លាស់ដែលកើតចេញពីការផ្លាស់ទីលំនៅរបស់ពួកគេ។ លើសពីនេះ ជនមានពិការភាពប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការទទួលបានសេវា និងទាមទារការគាំទ្រដែលសមស្រប និងប្រកបដោយបរិយាបន្នដើម្បីធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។

អង្គការអុកស្វាមគាំទ្រដល់សហគមន៍ភៀសសឹក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថៃ-កម្ពុជា

ជាការឆ្លើយតប អង្គការអុកស្វាមដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់ផ្ទាល់បានដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ ដែលបំពាក់ដោយប្រព័ន្ធទឹក និងលូ ដើម្បីលើកកម្ពស់អនាម័យនៅក្នុងជំរុំជនភៀសសឹក និងម៉ាស៊ីនចម្រោះទឹកចំនួនពីរនៅវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ។ ជំរុំជនភៀសសឹកទាំងពីរនេះមានគ្រួសារប្រមាណ ៧.៤៣១គ្រួសារ សរុបចំនួន ២៥.២៨១ នាក់ ។
នៅពេលដែលគ្រួសារជនភៀសសឹករៀបចំសម្រាប់ការត្រឡប់ទៅផ្ទះវិញដែលអាចកើតមានបន្ទាប់ពីបទឈប់បាញ់ អង្គការអុកស្វាម និងដៃគូកំពុងពិនិត្យលទ្ធភាពកម្មវិធីផ្ទេរសាច់ប្រាក់ ដែលយើងនឹងផ្តល់អាទិភាពដល់អ្នកដែលមានប័ណ្ណក្រីក្រ ប័ណ្ណជនមានពិការភាព និងមនុស្សចាស់។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “បទឈប់បាញ់នាំមកនូវក្តីសង្ឃឹម។ អង្គការអុកស្វាមសូមអំពាវនាវទាំងប្រទេសថៃ និងកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀង និងផ្តល់អាទិភាពដល់តម្រូវការរបស់ជនភៀសសឹក។ អង្គការអុកស្វាម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយដៃគូក្នុងស្រុក និងរដ្ឋាភិបាលដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត និងធានាថាការស្តារឡើងវិញ គឺប្រកបដោយបរិយាបន្ន យុត្តិធម៌ និងយូរអង្វែង។”

អង្គការអុកស្វាម សូមជំរុញឱ្យសហគមន៍ជាតិ និងអន្តរជាតិ និងអ្នកពាក់ព័ន្ធបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងដើម្បីធានាថា សន្តិភាពត្រូវបានអមដោយការការពារសេចក្តីថ្លៃថ្នូរ និងភាពធន់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ទាំងអស់។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការអុកស្វាម អង្គការអុកស្វាម និងដៃគូបានដំឡើងបង្គន់ចល័តចំនួន១៣ ប្រព័ន្ធចម្រោះទឹកស្អាតរួមចំនួន ២ នៅវត្តថ្មកំបោរ និងវត្តបាត់ថ្កៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីលើកកម្ពស់អនាម័យជាមូលដ្ឋាន និងការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍៕

អង្គការអុកស្វាមគាំទ្រដល់សហគមន៍ភៀសសឹក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថៃ-កម្ពុជា