Close

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

សៀមរាប៖ អង្គការអុកស្វាម សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រួមគ្នារៀបចំវេទិកាប្រចាំតំបន់លើកទីបីនៅខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ វេទិកានេះផ្តោតលើការជំរុញ “គាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន” ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីដោះស្រាយភាពចាក់ស្រេះនៃបញ្ហាប្រែប្រួលអាកាសធាតុ សិទ្ធិការងារ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ខុសពីវេទិកាតំបន់ពីរមុន ដែលបានរៀបចំឡើងនៅខេត្តរតនគិរី និងខេត្តកំពង់ស្ពឺ វេទិកាលើកនេះគឺស្របពេលនឹងការប្រារព្ធ “ទិវាអន្តរជាតិនៃស្ត្រីជនបទ” ដែលឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់ស្ត្រីជនបទក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុ។ អង្គការអុកស្វាម និងដៃគូ បានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់នៃកិច្ចគាំពារសង្គមតាមរយៈសកម្មភាពបរិស្ថាន និងអាកាសធាតុរួមបញ្ចូលគ្នា ដោយទទួលស្គាល់ថា ការងារទាំងនេះមិនមែនមានគោលដៅដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែជាអាទិភាពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ។

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

ស្ត្រីជនបទ គឺជាបុគ្គលស្នូលនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអនុវត្តការងារកសិកម្មប្រកបដោយចីរភាព និងការការពារជីវៈចម្រុះ។ ទោះជាយ៉ាងណា ស្ត្រីជនបទបន្តស្ថិតនៅក្នុងចំណោមជនងាយរងគ្រោះបំផុតពីហានិភ័យទាក់ទងនឹងអាកាសធាតុដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលរដូវ ដែលគំរាមកំហែងដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ពួកគាត់ ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា “នៅពេលដែលយើងជំរុញកិច្ចគាំពារសង្គមសម្រាប់ការផ្លាស់ប្តូរដោយយុត្តិធម៌ និងសកម្មភាពអាកាសធាតុ យើងត្រូវតែយល់ដឹងអំពីភាពធន់ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីជនបទនៅទូទាំងប្រទេសកម្ពុជា។ សំឡេងរបស់ពួកគេ ត្រូវតែជាបេះដូង នៃការឆ្លើយតបរបស់យើងចំពោះបញ្ហាប្រឈមអាកាសធាតុ និងការខិតខំប្រឹងប្រែងក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានមោទនភាពក្នុងការឈរជាមួយអង្គការអុកស្វាម និងដៃគូពាក់ព័ន្ធរបស់យើងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងសម្រាប់សមធម៌ សេចក្តីថ្លៃថ្នូរ និងការការពារសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្លាស់ប្តូរបរិស្ថាន និងសេដ្ឋកិច្ច។”

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

ថ្លែងក្នុងវេទិកានេះ លោក តាន់ វិសាល តំណាងអង្គការអុកស្វាម បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរដែលយុត្តិធម៌ត្រូវតែធានាថា ស្ត្រីជនបទមិនត្រូវបានទុកចោលនោះទេ ។ នេះមានន័យថា ជាការធានាឱ្យបាននូវសមធម៌នៃការទទួលបានការងារបៃតង ការបណ្តុះបណ្តាលអំពីសិទ្ធិដីធ្លី សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការចូលរួមប្រកបដោយអត្ថន័យនៅក្នុងការសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ត្រូវតែមានការទទួលស្គាល់ និងការគាំទ្រចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រីជនបទក្នុងការកសាងភាពធន់នឹងអាកាសធាតុ”។

វេទិការៀបចំនៅខេត្តសៀមរាបនេះ មានការចូលរួមពីភាគីពាក់ព័ន្ធប្រមាណ ៣៦០ នាក់ រួមមានថ្នាក់ដឹកនាំសហគមន៍ តំណាងកម្មករនិយោជិត តំនាងក្រសួង-មន្ទីរ អ្នកតាក់តែងគោលនយោបាយ និងអ្នកឯកទេសនានា។ ការពិភាក្សាបានផ្តោតលើការពង្រឹងប្រព័ន្ធជំនួយសង្គមនៅកម្ពុជា ឱ្យកាន់តែមានតម្លាភាព បរិយាបន្នយេនឌ័រ និងភាពធន់នឹងអាកាសធាតុ ដែលជាសសរស្តម្ភសំខាន់ៗសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌។
ដូចគ្នានឹងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀតដែរ ប្រទេសកម្ពុជាក៏ប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់និរន្តរភាពសេដ្ឋកិច្ច និងធនធានធម្មជាតិ ជាពិសេសនៅក្នុងវិស័យកសិ-ស្បៀងអាហារ។ បញ្ហាប្រឈមទាំងនេះប៉ះពាល់ដល់សុខុមាលភាពរបស់កម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ និងក្រុមងាយរងគ្រោះរួមមានស្ត្រី មនុស្សចាស់ ជនមានពិការភាព និងជនជាតិដើមភាគតិចជាដើម។ ពួកគាត់ភាគច្រើនគឺខ្វះយន្តការគាំពារគ្រប់គ្រាន់។

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

ស្របពេលដែលកម្ពុជាកំពុងពុះពារឱ្យបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ នោះ ការបន្តជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង ព្រមជាមួយនឹងវិស័យកសិកម្ម និងឧស្សាហកម្មមានចីរភាព គឺជារឿងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ន។ វឌ្ឍនភាពនេះត្រូវតែមានសមធម៌ និងភាពធន់ ដោយធានាថាទាំងកម្លាំងពលកម្ម និងសហគមន៍សុទ្ធតែទទួលផលប្រយោជន៍ពីការអភិវឌ្ឍ ដែលមានទំនួលខុសត្រូវចំពោះបរិស្ថាន និងមានយុត្តិធម៌សង្គម។

ដើម្បីរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ត្រូវតែផ្តល់អាទិភាពចំពោះគោលនយោបាយគាំពារសង្គមដែលរឹងមាំ និងការអភិវឌ្ឍជំនាញចំគោលដៅ ដើម្បីបង្កើតឱកាសការងារប្រកបដោយបរិយាប័ន្នទាំងក្នុងសេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចបៃតង ។ ព្រមជាមួយគ្នានេះដែរ ការលើកកម្ពស់ការងារសមរម្យក្នុងវិស័យកសិកម្ម ផលិតកម្មម្ហូបអាហារ កសិ-ឧស្សាហកម្ម និងវាយនភណ្ឌ នៅតែជាបញ្ហាសំខាន់។ ការបង្កើនស្តង់ដារការងារ និងការការពារសិទ្ធិកម្មករនៅក្នុងវិស័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការកែលម្អតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការពង្រឹងទំនួលខុសត្រូវរបស់ក្រុមហ៊ុន ។

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

អង្គការអុកស្វាម រួមជាមួយអង្គការដៃគូ បាននិងកំពុងអនុវត្តកម្មវិធីនានា ដើម្បីពង្រឹងសិទ្ធិការងារ និងកិច្ចគាំពារសង្គម។ កម្មវិធីទាំងនេះរួមមាន ការកែលម្អលក្ខខណ្ឌការងារសម្រាប់ស្ត្រីនៅក្នុងវិស័យកសិកម្ម ការបញ្ចូលកិច្ចគាំពារសង្គមទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការដោះស្រាយតម្រូវការបរិស្ថាន និងសង្គមរបស់កម្មកររោងចក្រកាត់ដេរ។ ការងារទាំងអស់នេះមានគោលបំណងលើកកម្ពស់ការងារដែលមានភាពយុត្តិធម៌ និងពង្រីកការគាំទ្រដល់កម្មករដែលងាយរងគ្រោះ ដែលជាការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន