មេដឹកនាំពិភពលោក ៣រូប ចេញសេក្តីថ្លែងការណ៍រួមគាំទ្រការជំរុញឱ្យមានបទឈប់បាញ់នៅហ្គាហ្សា
បរទេស៖ មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍រួមមួយគាំទ្រការជំរុញចុងក្រោយបំផុតរបស់ប្រទេសសម្រុះសម្រួលមានសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីបក្នុងការធ្វើអន្តរការីលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសរយៈពេល ១០ ខែ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter ក្រុមមេដឹកនាំទាំងនោះក៏អំពាវនាវឱ្យមានការដោះលែង និងឱ្យវិលត្រឡប់មកវិញនូវចំណាប់ខ្មាំងជាច្រើននាក់ដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស និងការផ្តល់ជំនួយមនុស្សធម៌ ដោយមិនមានការរំខាន។
ប្រទេសសម្រុះសម្រួលបានចំណាយពេលជាច្រើនខែដើម្បីព្យាយាមធ្វើឱ្យភាគីទាំងពីរយល់ព្រមលើផែនការបីដំណាក់កាល ដោយតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសល់ដែលខ្លួនបានចាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនដែលជាប់គុកនៅប្រទេសអ៊ីស្រាអែល ហើយ ប្រទេសអ៊ីស្រាអែលនឹងដកខ្លួនចេញពីហ្គាហ្សា។ ការចរចាត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកKeir Starmer ។
ជាមួយគ្នានោះ មេដឹកនាំទាំងនេះ ក៏បានអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ជៀសឱ្យឆ្ងាយពីការវាយប្រហារសងសឹកណាមួយ ដែលនឹងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង បន្ទាប់ពីការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធជាន់ខ្ពស់ពីរនាក់កាលពីខែមុននៅទីក្រុងបេរូត និងតេអេរ៉ង់៕