Close

ចៅក្រមអាមេរិករារាំងគោលនយោបាយថ្មី រដ្ឋបាលត្រាំ លើការឃុំខ្លួនជនភៀសខ្លួន

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ចៅក្រមអាមេរិករារាំងគោលនយោបាយថ្មី រដ្ឋបាលត្រាំ លើការឃុំខ្លួនជនភៀសខ្លួន ចៅក្រមអាមេរិករារាំងគោលនយោបាយថ្មី រដ្ឋបាលត្រាំ លើការឃុំខ្លួនជនភៀសខ្លួន

ទីក្រុងបូស្តុន ថ្ងៃទី២៣ ខែមីនា (រ៉យទ័រ) — ចៅក្រមសហព័ន្ធមួយរូប កាលពីថ្ងៃចន្ទ បានសម្រេចរារាំងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនឱ្យអនុវត្តគោលនយោបាយថ្មីមួយ ដែលអាចបង្ខំឱ្យជនភៀសខ្លួនរាប់ពាន់នាក់ត្រូវចាប់ខ្លួន និងឃុំខ្លួន ប្រសិនបើពួកគេមិនទាន់ទទួលបានកាតបៃតង បន្ទាប់ពីរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ។

ចៅក្រមសហព័ន្ធ លោក Richard Stearns ប្រចាំទីក្រុងបូស្តុន បានសម្រេចតាមសំណើរបស់ជនភៀសខ្លួនចំនួន៦នាក់ និងអង្គការតស៊ូមតិចំនួន២ ដែលអះអាងថា គោលនយោបាយរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) គឺជាការប្រែប្រួលខុសច្បាប់ពីការអនុវត្តអន្តោប្រវេសន៍ដែលមានជាយូរមកហើយ។

ដើមបណ្តឹងបានលើកឡើងថា គោលនយោបាយនេះអាចបង្កហានិភ័យឱ្យជនភៀសខ្លួនជាង ១០០,០០០នាក់ ដែលបានទទួលសិទ្ធិស្នាក់នៅតាមច្បាប់ ប៉ុន្តែកំពុងរង់ចាំការកែសម្រួលស្ថានភាពអន្តោប្រវេសន៍ពីសេវាសញ្ជាតិ និងអន្តោប្រវេសន៍អាមេរិក ប្រឈមមុខនឹងការឃុំខ្លួន។

ចៅក្រមអាមេរិករារាំងគោលនយោបាយថ្មី រដ្ឋបាលត្រាំលើការឃុំខ្លួនជនភៀសខ្លួន

លោក Steven Bressler មេធាវីតំណាងដើមបណ្តឹងពីអង្គការ Democracy Forward បាននិយាយថា៖ «ច្បាប់មិនអនុញ្ញាតឱ្យរដ្ឋាភិបាលបង្កើតនីតិវិធី ដើម្បីគាំទ្រការចាប់ខ្លួន និងឃុំខ្លួនមនុស្សដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ឡើយ»។
ក្រសួងសន្តិសុខមាតុភូមិ (DHS) មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិយោបល់នោះទេ។

គោលនយោបាយក្នុងប្រតិបត្តិការ “PARRIS”

គោលនយោបាយនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្នែកមួយនៃប្រតិបត្តិការ “PARRIS” ដែលត្រូវបានប្រកាសកាលពីខែមករា។ DHS បានពិពណ៌នាវាថាជា «គំនិតផ្តួចផ្តើមទូលំទូលាយ» ដើម្បីពិនិត្យឡើងវិញករណីជនភៀសខ្លួនរាប់ពាន់ករណី។

នៅដំណាក់កាលដំបូង DHS បានផ្តោតលើជនភៀសខ្លួនប្រហែល ៥,៦០០នាក់ នៅរដ្ឋមីនីសូតា ដែលមិនទាន់ទទួលបានកាតបៃតង។ ទោះយ៉ាងណា ដើមបណ្តឹងបានព្រមានថា វាអាចពង្រីកទៅកាន់រដ្ឋផ្សេងទៀតផងដែរ។

អង្គភាពអន្តោប្រវេសន៍ និងអនុវត្តច្បាប់គយ (ICE) ដែលស្ថិតក្រោម DHS បានចេញអនុស្សរណៈនៅខែធ្នូ និងខែកុម្ភៈ ដោយបកស្រាយច្បាប់អន្តោប្រវេសន៍ឡើងវិញ ដើម្បីអនុញ្ញាតឱ្យឃុំខ្លួនជនភៀសខ្លួន ដែលមិនទាន់ទទួលបានស្ថានភាពជានិវាសនជនអចិន្ត្រៃយ៍ស្របច្បាប់ (កាតបៃតង) បន្ទាប់ពីមួយឆ្នាំនៅសហរដ្ឋអាមេរិក។

រដ្ឋបាលបានផ្អែកលើការបកស្រាយថ្មីនៃច្បាប់ ដែលទាមទារឱ្យជនភៀសខ្លួនត្រូវស្ថិតក្រោម “ការគ្រប់គ្រង” របស់ DHS ដើម្បីត្រួតពិនិត្យឡើងវិញ។ ទោះជាយ៉ាងណា កន្លងមក ពាក្យនេះត្រូវបានយល់ថា គ្រាន់តែមានន័យថា ត្រូវមករាយការណ៍ ឬចូលរួមសម្ភាសន៍ប៉ុណ្ណោះ។

ការប្តឹង និងការសម្រេចរបស់តុលាការ

ជនភៀសខ្លួន៦នាក់ រួមជាមួយអង្គការ Jewish Family Services of Western Massachusetts និង International Institute of New England បានដាក់ពាក្យប្តឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយអះអាងថា គោលនយោបាយនេះខុសច្បាប់ និងបកស្រាយច្បាប់ខុសពីអត្ថន័យដើម។

ចៅក្រម Richard Stearns ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី លោក Bill Clinton បានយល់ស្របជាមួយដើមបណ្តឹង ដោយបញ្ជាក់ថា៖«ពាក្យ ‘ការគ្រប់គ្រង’ មិនដែលត្រូវបានយល់ថាមានន័យដូច ‘ការឃុំខ្លួន’ ក្នុងប្រវត្តិសាស្ត្រនោះទេ»៕

https://www.reuters.com/world/us-judge-blocks-trump-administration-detaining-thousands-refugees-2026-03-23/?utm_source=Facebook&utm_medium=Social&fbclid=IwY2xjawQuv69leHRuA2FlbQIxMQBzcnRjBmFwcF9pZBAyMjIwMzkxNzg4MjAwODkyAAEeXhbrpEpypL1LU1MCDDYhklHvfQcYyXiPZDefLCkwmN4XcVu83kvGLzko_YM_aem_THn-Xrrx4hUUrlCO7V2eEg&utm_medium=Social&utm_source=Facebook