Close

សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ៖ អនាគតក្នុងភាពរីកចម្រើន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ សង្គម
សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ៖ អនាគតក្នុងភាពរីកចម្រើន សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ៖ អនាគតក្នុងភាពរីកចម្រើន

(កំពង់ធំ)៖ សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឃុំផាត់សណ្តាយ មានភូមិចំនួន ៥ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០% ជាអ្នកប្រកបរបរនេសាទត្រី។

សហគមន៍លើផ្ទៃបឹងទន្លេសាបមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័ន និងអង្គការក្រៅ រដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគម្រោងជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យកាន់តែប្រសើរ។ ការយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធបែបនេះ ជាការណ៍មួយដែលបញ្ជាក់ពីភាពរីកចម្រើននៃ សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ចំណូលមួយផ្នែក ដែលសហគមន៍អាចរកបានគឺ តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ ដោយក្នុងមួយថ្ងៃ សហគមន៍បានទទួលភ្ញៀវជាមធ្យម ១០នាក់។ ក្នុងនោះ ប្រជាសហគមន៍អាចរកចំណូលបានតាមរយៈ ការផ្ដល់សេវាកម្មផ្ទះស្នាក់ អាហារ ការធ្វើដំណើរតាមទូកឬកាណូត ជាដើម។ នេះបើតាមការបញ្ជាក់ពី លោក ហ៊ួត ស៊ីណាត ប្រធានកម្មវិធីសម្របសម្រួលជីវភាព FACT’s Livelihood Program Coordinator។

ក្រៅតែពីការផ្ដល់សេវាកម្មទេសចរណ៍ទៅ ប្រជាជនក្នុងសហគមន៍ក៏បានបង្កើតនូវផលិតផលដែលធ្វើ ដោយដៃដូចជា វត្ថុអនុស្សាវរីយ៍ និងកាបូបច្នៃចេញពីកំប្លោកជាដើម។ បន្ថែមពីនេះ ក៏មាននូវផលិតផល អាហារកែច្នៃផ្សេងទៀតដូចជា ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ។ល។
ផលិតផលទាំងអស់នេះមិនត្រឹមតែ លក់ជូនទៅដល់ភ្ញៀវទេសចរតែប៉ុណ្ណោះទេ តែក៏នឹងលក់តាមរយៈពិព័រណ៍ផ្សេងៗផងដែរ។

ក្រលេកទៅមើលពីគម្រោងស្ថានីយទឹកបរិសុទ្ធឯណោះវិញ ដែលជាគម្រោងគាំទ្រដោយអង្គការ FACT ដដែល ក៏បានជួយកាត់បន្ថយការចំណាយរបស់ប្រជាជន ជាពិសេសបានរួមចំណែកគាំពារសុខភាព ពួកគេដែលពីមុនមកប្រើប្រាស់តែទឹកទន្លេ។

លោក ហ៊ួត ស៊ីណាត៖ «ដោយឃើញពួកគាត់ប្រើប្រាស់តែទឹកទន្លេ យើងក៏គាំទ្របង្កើតស្ថានីយទឹកស្អាត ដែលហៅថា ទឹកបរិសុទ្ធសុវណ្ណជលសា អីចឹងទៅគាត់កាត់បន្ថយការទិញពីខាងក្រៅមក មកទិញនៅក្នុងសហគមន៍យើងវិញ ទិញក្នុងសហគមន៍មានតម្លៃថោកជាងទិញនៅខាងក្រៅ»។

លោកបន្តថា ម្យ៉ាងទៀតប្រាក់ចំណូលដែលបានមកពីការលក់ទឹកសុទ្ធ ក៏នឹងយកទៅប្រើប្រាស់បម្រើឱ្យ ផលប្រយោជន៍រួមរបស់សហគមន៍ដដែល ដូច្នេះវាមានតែការរីកចម្រើន។ ស្ថានីយទឹកស្អាតនេះ បង្កើតនៅចន្លោះឆ្នាំ ២០១៩-២០២០។

យ៉ាងណាក៏ដោយ ប្រជាជននៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយក៏នៅតែមិនបោះបង់ចោល នូវរបរនេសាទរបស់ខ្លួនដែរ ប៉ុន្តែការនេសាទរបស់ពួកគេបានថយចុះ ដោយជំនួសមកវិញនូវការធ្វើផលិត ផលបម្រើឱ្យភ្ញៀវទេសចរវិញ។

ម្យ៉ាងទៀត អង្គការដដែលនេះក៏នឹងបន្តលើកស្ទួយផ្នែកជីវភាព លើការអភិរក្សធនធានជលផល ដោយប្រែក្លាយតំបន់នេះ ជាតំបន់ស្នូលអភិវឌ្ឍន៍ត្រីមេពូជ ដើម្បីឃ្លាំមើល ការពារកុំឱ្យមានជនល្មើសលួចចូលចាប់ត្រីមេពូជ។

កាលពីពេលខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានផ្ដល់ជូននូវគម្រោង Quick Impact Project-QIP ដែលជាគម្រោងក្នុងការរៀបចំតំបន់អេកូទេសចរណ៍នេះឱ្យកាន់តែមានភាពទាក់ ទាញ។  ក្នុងនោះសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ ទទួលបានការគាំទ្រហិរញ្ញវត្ថុប្រមាណ ៥០,០០០ ដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបទទាក់ទង