លោក Putin ទស្សនកិច្ចនៅតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីការឈ្លានពានលើប្រទេសអ៊ុយក្រែន
អាមេរិក៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីប្រទេសរុស្ស៊ីលោក Vladimir Putin បានទៅទស្សនកិច្ចនៅទីក្រុង Kurchatov ក្នុងតំបន់ Kursk ដែលថ្មីៗនេះត្រូវបានកាន់កាប់ដោយផ្នែកដោយកងកម្លាំងប្រទេសអ៊ុយក្រែន។
តាមការចុះផ្សាយរបស់ Yahoo News ឱ្យដឹងថា នេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីទៅកាន់តំបន់នេះចាប់តាំងពីការលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន។ នាឱកាសនោះ លោក Putin បានជួបជាមួយអភិបាលតំបន់ លោក Alexander Khinshtein មន្ត្រីអង្គការស្ម័គ្រចិត្ត និងមន្ត្រីក្នុងតំបន់កាលពីល្ងាចថ្ងៃអង្គារ។
វិមានក្រឹមឡាំងបាននិយាយថា លោក Putin បានសន្យាបន្តគាំទ្រពីទីក្រុងមូស្គូសម្រាប់កិច្ចខិតខំប្រឹងប្រែងសាងសង់ឡើងវិញ ជាពិសេសសម្រាប់លំនៅដ្ឋានដែលរងការខូចខាតដោយសង្គ្រាម។
ជាមួយគ្នានេះ លោកប្រធានាធិបតី Putin ក៏បានទៅទស្សនាអង្គភាពមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Kursk លេខ 2 ដែលបច្ចុប្បន្នកំពុងសាងសង់។ កាលពីខែសីហាឆ្នាំមុន ទាហានអ៊ុយក្រែនបានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ Kursk និងបានកាន់កាប់ទឹកដីតូចមួយអស់រយៈពេលជាច្រើនខែ។ យោធារុស្ស៊ីបានប្រកាសតំបន់នេះ ត្រូវបាន «រំដោះទាំងស្រុង» នៅចុងខែមេសា។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានច្រានចោលការអះអាងទាំងនោះកាលពីថ្ងៃពុធ ដោយនិយាយថា អង្គភាពអ៊ុយក្រែននៅតែប្រតិបត្តិការនៅក្នុងតំបន់ Kursk និង Belgorod ដើម្បីការពារទីក្រុង Sumy និង Kharkiv ភាគឦសានរបស់អ៊ុយក្រែន។
ក្រុមអ្នកសង្កេតការណ៍យោធានៅអ៊ុយក្រែនក៏បាននិយាយផងដែរថា កងកម្លាំងរបស់ទីក្រុងគៀវនៅតែកាន់កាប់ជាច្រើនគីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Kursk ។
លោក Zelensky បានបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងបន្តបើកការវាយប្រហារនៅភាគខាងកើត ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតនៅកណ្តាលទីក្រុង Pokrovsk ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារចំនួន 104 លើក នៅទូទាំងជួរមុខកាលពីថ្ងៃពុធ រួមទាំង 43លើក នៅជុំវិញ តំបន់ Pokrovsk ៕