Close

ក្ដៅៗ! ប្រ៊ុយណេ ដកខ្លួនចេញពីការប្រកួតស៊ីហ្គេម នៅថៃ លើវិញ្ញាសាបាល់ទាត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ កីឡា
ក្ដៅៗ! ប្រ៊ុយណេ ដកខ្លួនចេញពីការប្រកួតស៊ីហ្គេម នៅថៃ លើវិញ្ញាសាបាល់ទាត់ ក្ដៅៗ! ប្រ៊ុយណេ ដកខ្លួនចេញពីការប្រកួតស៊ីហ្គេម នៅថៃ លើវិញ្ញាសាបាល់ទាត់

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅចុងឆ្នាំនេះ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ គ្រប់វិញ្ញាសាបាល់ទាត់ នឹងមិនមានវត្តមានក្រុមជម្រើសជាតិប្រ៊ុយណេ ចូលរួមឡើយ ។ នេះបើយោងតាមការចុះផ្សាយរបស់ ASEAN Football។

យោងតាមការចុះឈ្មោះបឋម ដែលបានដាក់ជូនម្ចាស់ផ្ទះថៃ បានឲ្យដឹងថា ប្រ៊ុយណេ នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ ឬហ្វូតសាល ណាមួយឡើយ រួមមាន ៖បាល់ទាត់បុរស, បាល់ទាត់នារី, ហ្វូតសាលបុរស និងហ្វូតសាលនារី។ នេះមានន័យថា ប្រ៊ុយណេ នឹងអវត្តមានពីការប្រកួតដែលទាក់ទងនឹងកីឡាបាល់ទាត់ទាំងអស់ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំនេះ។

មែនទែនទៅ នេះមិនមែនជាលើកដំបូងឡើង ដែល ប្រ៊ុយណេ មិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពោលគឺនៅ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ប្រ៊ុយណេ មិនបានបញ្ចូលអត្តពលិកចូលរួមដូចគ្នា ។

ដូច្នេះសម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស នឹងមានក្រុមចូលរួមចំនួន ១០ប្រទេសប៉ុណ្ណោះ ដែលមានដូចជា ម្ចាស់ផ្ទះថៃ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, វៀតណាម និងទីម័រខាងកើត។

សម្រាប់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់ផ្នែកបុរស បានទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្រោយឈ្នះថៃ ក្នុងលទ្ធផល 5-2 នៅវគ្គផ្តាច់ព្រ័ត្រ នាពហុកីឡាដ្ឋានជាតិអូឡាំពិក។

មិនខុសពីកម្ពុជា ឡើយ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ វិញ្ញាសារបាល់ទាត់បុរស នឹងមិនមានកីឡាករលើសអាយុ២២ឆ្នាំ ចូលរួមឡើយ ពោលគឺម្ចាស់ផ្ទះថៃ សម្រេចយកតែកីឡាករ U22 តែប៉ុណ្ណោះ។ ការដែលម្ចាស់ផ្ទះថៃ សម្រេចដូច្នេះ ក្នុងបំណងផ្តល់ឱកាសកាន់តែច្រើនឱ្យកីឡាករក្មេងៗមានទេពកោសល្យទទួលបានបទពិសោធន៍ ការអភិវឌ្ឍន៍ និងផ្តល់ភាពយុត្តិធម៌សម្រាប់ក្រុមចូលរួមទាំងអស់។ កាលពីកីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ម្ចាស់ផ្ទះកម្ពុជា បានដំណើរការច្បាប់មិនអនុញ្ញាតឲ្យកីឡាករលើសអាយុ U22 ចំនួន ៣នាក់ ចូលរួមប្រកួតបាល់ទាត់ផ្នែកបុរសឡើយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា៕

អត្ថបទទាក់ទង