ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុនប្រកាសចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យួូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកូតរវាង KHQR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។
ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមឃូអរកួតជាមួយភាគីកម្ពុជា។
ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។
ទន្ទឹមនេះ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹង ទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្ដល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។
លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ខាងលើធ្វើឡើងដោយផ្អែកលើក្របខណ្ឌអនុស្សរណៈ
នៃកិច្ចសហប្រតិបត្តិការថ្នាក់ជាតិដែលបានចុះហត្ថលេខាដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់ តាមឃ្យួអរកួតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុង វិស័យសាធារណៈ និងឯកជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកូតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។ ប្រតិបត្តិការ ទូទាត់ឆ្លងដែនតាមឃូអរកួតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥៕