Close

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីពង្រឹងវិស័យទេសចរណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ សង្គម
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីពង្រឹងវិស័យទេសចរណ៍ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីពង្រឹងវិស័យទេសចរណ៍

ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានជជែកជាមួយភាគីឡាវ សំដៅជំរុញការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនដើម្បីពង្រឹងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ។

ដោយស្របទៅតាមអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជានេះ គឺសំដៅធ្វើឱ្យប្រសើរឡើងនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ។

ក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរបស់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលរត់ពីទីក្រុងវៀងចន្ទ ទៅកាន់ហ្លួងព្រះបាង និងបានសង្កេតឃើញពីសក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធមួយនេះ។

រថភ្លើងល្បឿនលឿនដែលរត់ពីទីក្រុងវៀងចន្ទរហូតទៅដល់ទីក្រុងគួនមិញនៃខេត្តយូណានរបស់ចិននេះ បានទាក់ទាញទេសចរជាច្រើននាក់ឱ្យធ្វើដំណើរទៅមក ខណៈដែលការចំណាយលើសំបុត្រ រថភ្លើងនេះមានតម្លៃសមរម្យ ព្រមទាំងមានសុវត្ថិភាពខ្ពស់។

តាមរយៈដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបានយល់ស្របគ្នាក្នុងការជំរុញឲ្យឧត្តមមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជាប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា។

ទាក់ទងនឹងការហោះហើរវិញ ភាគីកម្ពុជាស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរពីទីក្រុងវៀងចន្ទ-ភ្នំពេញ-ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធ និងគោល នយោបាយពិសេសផ្សេងទៀតតាមការស្នើសុំរបស់ប្រទេសឡាវផងដែរ។

លើសពីនេះ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា កម្មវិធីជិះកង់កម្ពុជា-ឡាវ ម៉ារ៉ាតុន ពិព័រណ៍ម្ហូបអាហារ ដើម្បីអបអរសាទរខួប ៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ហើយប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិការណ៍កម្មវិធីស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដើម្បីទាក់ទាញលំហូរទេសចរមកកាន់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ និងកំពុងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង