Close

គម្រោងយកសំរាមប្លាស្ទិកប្តូរយកអង្ករ និងគ្រឿងឧបភោគនៅតាមសហគមន៍ផ្ទះបណ្ដែតទឹកនៅតែបន្តមានប្រជាប្រិយភាព

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ សង្គម
គម្រោងយកសំរាមប្លាស្ទិកប្តូរយកអង្ករ និងគ្រឿងឧបភោគនៅតាមសហគមន៍ផ្ទះបណ្ដែតទឹកនៅតែបន្តមានប្រជាប្រិយភាព គម្រោងយកសំរាមប្លាស្ទិកប្តូរយកអង្ករ និងគ្រឿងឧបភោគនៅតាមសហគមន៍ផ្ទះបណ្ដែតទឹកនៅតែបន្តមានប្រជាប្រិយភាព

សៀមរាប ៖ ជាការពិត សំរាមមាននៅគ្រប់ទីកន្លែង មិនថាលើផ្ទៃដី ឬក្នុងទឹកនោះទេ ដែលទាំងអស់នេះគឺកើតឡើងដោយ សារតែមនុស្សដែលជាអ្នកប្រើប្រាស់មិនមានការគ្រប់គ្រងទៅលើសំណល់ទាំងនោះឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក ដែលវាមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់មកដល់សុខុមាលភាពមនុស្សដែលជាអ្នកបោះបង់សំរាមពាសវាលពាសកាលវិញដូចគ្នា។

ជាក់ស្ដែង ការចោលប្លាស្ទិកចូលក្នុងទឹក ហើយត្រីដែលរស់នៅក្នុងទឹកនោះលេបចូលទៅក្នុងពោះដោយគិតថា វាជាអាហារ ហើយដោយជៀសមិនផុត ត្រីនោះក៏នឹងក្លាយជាអាហាររបស់មនុស្សវិញ។ បើកាលណា មនុស្សហូបត្រីទាំងនោះ សារធាតុមីក្រូដែលមាននៅក្នុងប្លាស្ទិកក៏នឹងចូលទៅក្នុងរាងកាយរបស់មនុស្សដូចគ្នា ដែលវាអាចបង្កទៅជាជំងឺផ្សេងៗបន្តទៀត។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងថា កម្ពុជាជាប់ជាប្រទេសដែលបរិភោគត្រីច្រើនជាងគេ ដែលប្រជាជនម្នាក់បរិភោគត្រីចន្លោះពី ៥០ ទៅ ១០០គីឡូក្នុងមួយឆ្នាំ។ ម្លោះហើយ វាជារឿងមួយដ៏ងាយស្រួល ក្នុងការដែលមនុស្សមានសារធាតុមីក្រូប្លាស្ទិកនៅក្នុងខ្លួន។

ជាមួយគ្នានេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទាំងនេះ គម្រោងយកប្លាស្ទិកដូរអង្ករ គឺជាគម្រោងមួយដែលធ្វើឡើងក្នុងគោលបំណងដោះស្រាយនូវសំរាមប្លាស្ទិកនៅលើផ្ទៃទឹក និងបានចាប់អនុវត្តតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយផ្ដោតសំខាន់លើតំបន់ផ្ទះបណ្ដែតទឹកនៅក្នុងខេត្តសៀមរាប។

គម្រោងមួយនេះបានលើកទឹកចិត្តដល់ប្រជាជនក្នុងការរក្សាសំណល់ប្លាស្ទិករបស់ខ្លួន ក៏ដូចជារើស ប្លាស្ទិកចេញពីទឹក ដើម្បីអាចយកទៅដូរអង្ករ និងគ្រឿងទេសមួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ជាលទ្ធផល គម្រោងមួយនេះទទួលបានការគាំទ្រច្រើនពីសំណាក់សហគមន៍នានាដែលរស់នៅតាមផ្ទះបណ្ដែតទឹកក្នុងខេត្តសៀមរាបរួមមាន ៖ សហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖ «គោលការណ៍នៃការអនុវត្តការគ្រប់គ្រងសំណល់ប្លាស្ទិក គឺតាមរយៈកម្មវិធីអង្ករដូរប្លាស្ទិក គឺយើងឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹក ជាពិសេសក្នុងខេត្តសៀមរាប ដែលជាគម្រោងដែល យើងបានអនុវត្តដំបូងដោយសហការជាមួយអង្គការមូនិធិទំពាំងស្នងឬស្សី នៅក្នុងខេត្តសៀមរាបនេះ»។

លោកបន្តថា ៖ «យើងរៀបចំថា បើបងប្អូនប្រជាពលរដ្ឋគាត់រក្សាសំណល់ប្លាស្ទិកដែលគាត់ប្រើប្រាស់ ទាំងផ្លាស្ទីកដែលគាត់ប្រើនៅក្នុងផ្ទះរបស់គាត់ និងប្រមូលពីបរិស្ថាននៅជុំវិញទុក ដោយមិនបោះចោលទៅក្នុងទីបឹងទន្លេសាប គឺគាត់នឹងទទួលបានអង្ករ១០គីឡូ មានទឹកស៊ីអៀវ ទឹកត្រី ខ្ទឹម ប៊ីចេង ជាដើម»។

បើតាមអ្នកនាំពាក្យខាងលើ នេះគឺជាវិធីសាស្ត្រមួយក្នុងការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋផង និងជួយអប់រំ ពួកគេអំពីផលប៉ះពាល់នៃប្លាស្ទិកផង។

លោកបន្តគូសបញ្ជាក់ថា៖ «ការអប់រំបងប្អូនប្រជាពលរដ្ឋនៅលើបឹងទន្លេសាបនេះគឺមាន សារៈសំខាន់ណាស់ ដោយសារតែបឹងទន្លេសាប គឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់របស់ប្រទេសកម្ពុជា ក៏ដូចជារបស់ប្រជាជនយើងទាំងអស់គ្នា»។

គួររំលឹកដែរថា គម្រោងយកប្លាស្ទិក ដូរអង្ករនេះ ក៏ជាការធ្វើឱ្យមានភាពសម្បូរបែបឡើងវិញនូវជីវៈចម្រុះ និងរារាំងកុំឱ្យប្លាស្ទិកទៅបំផ្លាញបរិស្ថានផងដែរ ហើយរហូតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះរាប់ថា ទទួលបានជោគជ័យហើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមពីសហគមន៍កាន់តែច្រើន។

ដើម្បីពង្រីកវិសាលភាពនៃគម្រោងនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងមានបំណងចង់ ជំរុញឱ្យមានការអនុវត្តនៅតាមសហគមន៍ផ្សេងទៀត ជាពិសេសសហគមន៍ដែលស្ថិតនៅក្នុងខេត្ត ជាប់បឹងទន្លេសាបផងដែរ។
ជាមួយគ្នានោះ ក្រសួងក៏មានការជំរុញឱ្យប្រជាពលរដ្ឋកែប្រែផ្ទះនៅលើទឹករបស់ខ្លួនទៅជាផ្ទះស្នាក់ ដើម្បីផ្ដល់សេវាកម្មជូនភ្ញៀវ ពេលពួកគេមកទស្សនា ដោយតំបន់ទាំងនេះជាតំបន់ទេសចរណ៍ស្រាប់ផងដែរ។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ គម្រោងនេះបានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោនទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប ខណៈដែលបច្ចុប្បន្ននេះ គម្រោងនេះបាន និងកំពុងពង្រីកការសម្អាតសំណល់ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកឡើង៕

អត្ថបទទាក់ទង