សមត្ថកិច្ចចេញផ្សាយវីដេអូ និងរូបភាពថ្មីក្នុងករណីបាញ់សម្លាប់លោក Charlie Kirk
OREM, រដ្ឋយូតា៖ សមត្ថកិច្ចរបស់អាមេរិក កំពុងបន្តស្វែងរកជនសង្ស័យសម្លាប់អ្នកសកម្មភាពនយោបាយខាងស្តាំនិយម លោក Charlie Kirk បន្ទាប់ពីសមត្ថកិច្ចបានចេញផ្សាយវីដេអូ និងរូបភាពថ្មីនៃមនុស្សដែលត្រូវបានចាត់ទុកថាជាជនដែលគួរឲ្យសង្ស័យ។
ជាង 24 ម៉ោងក្រោយព្រឹត្តិការណ៍នៃការបាញ់សម្លាប់ មិនទាន់មានអ្នកត្រូវបានចាប់ខ្លួនឡើយ ខណៈករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។
លោក Charlie Kirk មានអាយុ ៣១ឆ្នាំ ជាអ្នកដឹកនាំយុវជនស្តាំនិយម និងជាដៃគូជិតស្និទ្ធរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានបាញ់ស្លាប់កាលពីថ្ងៃពុធ ខណៈលោកកំពុងនិយាយនៅសាកលវិទ្យាល័យ Utah Valley។
ក្រុមអ្នកស៊ើបអង្កេតអាមេរិកសន្និដ្ឋានថា ជនសង្ស័យបានបាញ់គ្រាប់កាំភ្លើងតែមួយចេញពីកាំភ្លើង bolt-action rifle ដោយឈរលើដំបូលពីចម្ងាយប្រហែល ១៨០ ម៉ែត្រ បាញ់ចំត្រូវត្រង់ ក របស់លោក Kirk បណ្តាលឱ្យលោកដួលពីលើកៅស្លាប់ភ្លាមៗ ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃព្រហស្បតិ៍ ក្រុមស៊ើបអង្កេតរួមមាន FBI និងប៉ូលីសមូលដ្ឋាន បានបង្ហាញភស្តុតាងថ្មី។ វីដេអូមួយបង្ហាញមនុស្សម្នាក់ត្រូវបានពិពណ៌នាថា “មានមនុស្សម្នាក់ស្រដៀងនិស្សិត” កំពុងរត់លើដំបូល មុនលោតចុះដី និងរត់ទៅកាន់តំបន់ព្រៃ ដែលក្រោយមកបានរកឃើញកាំភ្លើង។ រូបថតបន្ថែមបង្ហាញបុរសនោះ ពាក់អាវដៃវែងមានលំនាំទង់ជាតិអាមេរិក ខោជើងវែង ស្បែកជើង Converse និងមួកខ្មៅ។
ក“យើងមិនអាចធ្វើការងារបានដោយគ្មានជំនួយពីសាធារណៈឡើយ” លោក Spencer Cox បាននិយាយ និងបញ្ជាក់ថា មានព័ត៌មានជាង 7,000 បានផ្ញើរចូលរួចហើយ។ FBI ក៏បានប្រកាសរង្វាន់ $100,000 សម្រាប់អ្នកផ្តល់ព័ត៌មានដល់ការចាប់ខ្លួនជនសង្ស័យ។
លោក Cox បានពណ៌នាការបាញ់នេះថា ជា “ការសម្លាប់ផ្នែកនយោបាយ” ហើយផលប៉ះពាល់នយោបាយក៏បានកើតឡើងភ្លាមៗ។
អនុប្រធានាធិបតី JD Vance បានអមដំណើរសពរបស់លោក Kirk ដោយយន្តហោះ Air Force Two ទៅកាន់ Phoenix រដ្ឋ Arizona ដែលជាការិយាល័យកណ្តាលរបស់អង្គការTurning Point USA។ ខណៈពេលអ្នកវិភាគនយោបាយខាងស្តាំនិយមមួយចំនួន និងគណនីបណ្ដាញសង្គមបានបកស្រាយថា ការសម្លាប់នេះជាសង្គ្រាមនយោបាយ ប្រធានាធិបតី Trump ទោះជាយ៉ាងណា លោកបានអំពាវនាវឲ្យអ្នកគាំទ្រឆ្លើយតបដោយសន្តិវិធី ដោយនិយាយថាលោក Kirk ជា “អ្នកគាំទ្រការមិនប្រើអំពើហិង្សា។”
ការស៊ើបអង្កេតនៅតែបន្ត ដោយក្រុមស៊ើបអង្កេតបានយកស្នាមដានដៃ និងស្នាមជើងពីកន្លែងកើតហេតុ ព្រមទាំងដកស្រង់វីដេអូសុវត្ថិភាពពីផ្ទះនៅជិតៗ ដើម្បីជួយក្នុងការស្វែងរក។ អាជ្ញាធរបានព្រមានអំពី “ព័ត៌មានបំភាន់ច្រើន” ដែលកំពុងរាលដាលតាមអ៊ីនធឺណិត៕
ប្រភព៖ Reuters, AFP, CNA