កំណើនសេដ្ឋកិច្ចចិនត្រូវបានកំណត់ក្រោម ៥% ជាលើកដំបូង
ប៉េកាំង៖ មន្ត្រីចិនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង សម្រាប់សម័យប្រជុំបើកសភាជាតិប្រជាជនចិន (NPC) ខណៈដែលគណៈប្រតិភូកំពុងអនុម័តផែនទីបង្ហាញផ្លូវសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
យោងតាមរបាយការណ៍រដ្ឋាភិបាល ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋ ស៊ីនហួរ កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ប្រទេសចិនបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ ២០២៦ ដែលទាបជាងគោលដៅប្រហែល ៥% ដែលបានកំណត់ក្នុងពេលថ្មីៗនេះ។
តួលេខកំណើនទាបនេះឆ្លុះបញ្ចាំងពីការថយចុះនៃសេដ្ឋកិច្ចចិន ដែលមួយផ្នែកបណ្តាលមកពីការដួលរលំនៃវិស័យអចលនទ្រព្យរបស់ប្រទេសនេះ។ វិស័យនេះធ្លាប់មានទំហំប្រហែល ២៥% ទៅ ៣០% នៃផលិតផលក្នុងស្រុកសរុប។
លោក Tianchen Xu សេដ្ឋវិទូចិនប្រចាំក្រុមហ៊ុន Economist Intelligence Unit (EIU) បាននិយាយថា គោលដៅកំណើននេះមានលក្ខណៈប្រាកដនិយមណាស់ ហើយបានកត់សម្គាល់ថា តួលេខនេះឆ្លុះបញ្ចាំងពីនិន្នាការរបស់ចិនក្នុងការផ្លាស់ប្តូរទៅរកការរំពឹងទុកបែបអភិរក្សនិយមកាន់តែច្រើន។

លោក Xu បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖“នេះគឺជាការផ្លាស់ប្តូរបន្ថែមទៀតពីផ្នត់គំនិត ‘លេខមួយជាមុន’ ទៅរក ‘គុណភាពជាមុន’។”
លោកក៏បានបន្ថែមថា ទីក្រុងប៉េកាំងមិនចាំបាច់ចាត់ទុកអត្រាកំណើនខ្ពស់ថាជារឿងល្អជានិច្ចនោះទេ ព្រោះវាអាចលើកទឹកចិត្តមន្ត្រីមូលដ្ឋានឱ្យបំផ្លើសកំណើនតាមរយៈគម្រោងធំៗដែលមិនមានប្រសិទ្ធភាព ឬការរៀបចំទិន្នន័យ។
លោក Xu បានបញ្ជាក់ថា គោលដៅសំខាន់គឺការផ្តល់លទ្ធផលសេដ្ឋកិច្ចជាក់ស្តែងកាន់តែច្រើន ដូចជា កំណើនប្រាក់ចំណូលគ្រួសារ និងការពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចិនក៏មានគម្រោងបង្កើនការចំណាយលើវិស័យការពារជាតិប្រហែល ៧% ផងដែរ។ ទោះបីជាអត្រានេះជាកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកក៏ដោយ ក៏វានៅតែខ្ពស់ជាងប្រទេសជាច្រើនក្នុងតំបន់។
ក្នុងខណៈដែលប្រឈមនឹងការថយចុះសេដ្ឋកិច្ចក្នុងរយៈពេលវែង ប្រទេសចិនកំពុងព្យាយាមបម្លែងសេដ្ឋកិច្ចពីការពឹងផ្អែកលើវិស័យផលិតកម្ម និងការនាំចេញ ទៅរកសេដ្ឋកិច្ចដែលជំរុញដោយការប្រើប្រាស់ក្នុងស្រុក និងបច្ចេកវិទ្យាទំនើប។ ប្រទេសនេះក៏មានគោលបំណងបង្កើនការពឹងផ្អែកលើឧស្សាហកម្មក្នុងស្រុកផងដែរ ខណៈដែលប្រឈមមុខនឹងឧបសគ្គនយោបាយពីសហរដ្ឋអាមេរិក។
បញ្ហាប្រឈមផ្សេងទៀតដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរនៃពិភពលោកនេះកំពុងជួបប្រទះ រួមមាន សម្ពាធអតិផរណា ទំនុកចិត្តអ្នកប្រើប្រាស់ខ្សោយ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនខ្ពស់ និងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump ព្រមទាំងភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម៕
https://www.aljazeera.com/news/2026/3/5/china-economic-growth-target-set-below-5-for-the-first-time-at-key-meeting