Close

កម្ពុជា តាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»

ដោយ៖ Chhan Sreyka ​​ | 18 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា តាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» កម្ពុជា តាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»

ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ បានសម្ពោធតាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ក្រោមអធិបតីភាពលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

កម្មវិធីតំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នេះ រៀបចំឡើងដោយ សមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងប្រព្រឹត្តទៅរយះពេល ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កម្ពុជាតាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»

កម្មវិធីតំាងពិព័រណ៍ផលិតផលខ្មែរ មានអ្នកតាំងពិព័រណ៍ជាង ៣០០សហគ្រាស និងមានផលិតផលជាង ១០០ប្រភេទ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក។

ក្នុងឱកាសនោះផងដែរ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាបានទីផ្សារបើកចំហរ ដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស ។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងន័យនេះ, ប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ, អនាម័យ, គុណភាព និងបរិមាណ ជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬ ការប្រើប្រាស់ផលិតផលណាមួយ។

ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្រ្តី ក៏លើកទឹកចិត្តដល់ម្ចាស់សហគ្រាសក្នុងស្រុកទាំងឡាយ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន; ការពង្រឹងអនុលោមភាព; ការកែលម្អអភិបាលកិច្ចធុរកិច្ច; ការវិនិយោគលើស្តង់ដា, គុណភាព, សុវត្ថិភាព, អនាម័យ; និង ការទទួលខុសត្រូវចំពោះបរិស្ថាន -ល-។

កម្ពុជាតាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»

លោកឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ចំណុចទាំងនេះ មិនមែនត្រឹមតែជាការតម្រូវ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាការចង់បាន និងការរំពឹងទុក របស់អតិថិជន, វិនិយោគិន និងទីផ្សារផងដែរ ការណ៍នេះ តម្រូវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត, ដូចដែលលោកធ្លាប់បានលើកកន្លងមក, ពីការយល់ឃើញថា «អនុលោមភាព គឺជាបន្ទុក» មកជាការទទួលស្គាល់ថា «អនុលោមភាព គឺជាការវិនិយោគជាយុទ្ធសាស្ត្រ»។

បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់, ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក ក៏កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេលដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។

ផលិតផលក្នុងស្រុករបស់យើង មានច្រើនប្រភេទ រួមមាន៖ ផលិតផល និង ម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចជំនួសផលិតផលនាំចូលបានច្រើន៕


កម្ពុជាតាំងពិព័រណ៌ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»