ល្ងាចនេះ! ព្រះខ័នរាជស្វាយរៀង ត្រូវទទួល Shan United នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នៅល្ងាចថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ត្រូវទទួល Shan United របស់មីយ៉ាន់ម៉ា សារជាថ្មី នៃការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គ៨ក្រុមចុងក្រោយជើងទី១ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:០០នាទីយប់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតពានរង្វាន់ AFC Challenge League 2024/25 គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Jose Munoz បានលើកឡើងថា៖ « ខ្ញុំបានប្រាប់កីឡាករថា យើងគួរតែរីករាយនៅក្នុងការប្រកួតនេះ វាជាការប្រកួតដ៏រំភៀបមួយរបស់យើង។ កីឡាកររបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយមានកីឡាកររបួសតិចតួចប៉ុណ្ណោះ។ យើងចង់ឈ្នះការប្រកួតនេះ យើងនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន មុននឹងហោះទៅប្រកួតក្នុងទឹកដីមីយ៉ាន់ម៉ា នៅជើងទី២»។
ចំណេកលោក Ono Hiroki គ្រូបង្វឹក Shan United បាននិយាយថា ៖ «ទោះបីជាលើកមុន យើងចាញ់ ៤-២ តែលើកនេះ យើងមានទំនុកចិត្តក្នុងការប្រកួត បន្ទាប់ពីយើងរៀបចំក្រុមជាថ្មី ហើយបានកែប្រែចំណុចខ្វះខាត។ ការប្រកួតគឺពិបាក តែយើងនឹងធ្វើឲ្យបានល្អ»។
ក្រុមព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនយ៉ាងល្អ ដោយនាំចូលកីឡាករបរទេសល្អៗ មកចូលរួមក្រុមផងដែរ។ បច្ចុប្បន្ន ក្រុមតំណាងកម្ពុជា មានកីឡាករបរទេសចំនួន៧នាក់ ដើម្បីជួយក្នុងព្រឹត្តិការណ៍នេះ រួមមាន ដូចជា៖ Gabriel Silva, Cristian Roque, Breno Caetano, Matheus Moresche, Takashi Odawara, Ryo Fuji និង Bounphachan Bounkong ខណៈដែលក្រុម Shan United ក៏មិនធម្មតានោះដែរ ដោយពួកគេទើបតែឈ្នះ Hantharwady United ៤ទល់០ លើកពានរង្វាន់លីគកំពូលមីយ៉ាន់ម៉ា ជាលើកទី៦។
មែនទែនទៅ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាកាលពីខែកុម្ភៈម្ដងរួចមកហើយ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Shan United ក្នុងលទ្ធផល ៤ទល់នឹង២ នៃការប្រកួត AFF Asean Club Champion Ship វគ្គជម្រុះក្នុងពូល។
គួរឱដឹងផងដែរថា ព្រះខ័នរាជស្វាយរៀង បានទទួលការយល់ព្រមពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ក្នុងការប្រើពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីទទួលក្រុមភ្ញៀវ។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយ Shan United ជើងទី១ នៅថ្ងៃទី០៦ ខែមីនា និងជើងទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ៕