ឯកឧត្តម ថោង ខុន ៖ ព្រឹត្តិការណ៍ទេសចរណ៍ ជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយផលិតផល និងវប្បធម៌ខ្មែរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានចាត់ទុកថារាល់ព្រឹត្តិការណ៍ទេសចរណ៍នានា គឺជាសកម្មភាពផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ដ៏មានប្រសិទ្ធភាពមួយ។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ សំដៅលើកជាឧទារណ៍នូវព្រឹត្តិការណ៍បុណ្យទន្លេក្នុងខេត្តកំពង់ធំ ដែលទើបតែបានបិទបញ្ចប់ថ្មីៗនេះ។
ពិតណាស់ ត្រឹមតែរយៈពេលបីថ្ងៃនៃបុណ្យទន្លេ កម្ពុជាទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណ ៨០ម៉ឺននាក់ ដែលចំនួននេះគឺជាចំនួនដ៏ច្រើនកុះករមួយ។ តាមរយៈតួលេខនេះហើយ ដែលក្រសួង ចាត់ទុកថា ព្រឹត្តិការណ៍ទេសចរណ៍គឺជាវិធីមួយក្នុងការផ្សព្វផ្សាយផលិតផលនានា។
ដោយឡែក នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេដែលទើបតែបានបញ្ចប់នៅយប់ថ្ងៃទី ១០មីនានេះ ក្រសួង និងភាគីពាក់ព័ន្ធបានដាក់បញ្ចូលនូវសកម្មភាពជាច្រើនដែលរាប់បញ្ចូលតាំងពី សកកម្មភាពសម្ដែង សិល្បៈ សកម្មភាពកីឡា សកម្មភាពដាក់តាំងលក់ផលិតផលខ្មែរ សកម្មភាពអប់រំពីបរិស្ថាន ផ្សព្វផ្សាយពីសហគមន៍ទេសចរណ៍ជាដើម។
ឯកឧត្តមបានថ្លែងថា «វិស័យទេសចរណ៍ជាអ្នកលក់, វិស័យកសិកម្ម គឺជាអ្នកផលិត, វិស័យបរិស្ថាន គឺជាអ្នកផលិតផង និងការពារផង, រីឯវិស័យវប្បធម៌ គឺជាការពារផង និងផ្សព្វផ្សាយផង ដូច្នេះការផ្សព្វផ្សាយផលិតផលទាំងនោះគឺតាមរយៈព្រឹត្តិការណ៍ទេសចរណ៍នេះឯង»។
ឯកឧត្ដមបន្តទៀតថា ការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា គឺជាការខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍកសិកម្ម វិស័យបរិស្ថាន វិស័យវប្បធម៌។ ក្នុងនោះឯកឧត្តមក៏បានលើកឡើងអំពី «ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង» ដែលមានន័យថា យើងប្រើប្រាស់ព្រឹត្តិការណ៍ទេសចរណ៍សម្រាប់លក់ផលិតផលនានាដែលប្រជាពលរដ្ឋខិតខំផលិតបាន។
គួរជម្រាបថា នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់នៅតាមស្ដង់ពិព័រណ៍ដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ក្នុងនោះក្រសួងទេសចរណ៍បានកត់សម្គាល់ថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើននឹងផលិតផលក្នុងស្រុកយ៉ាងខ្លាំង ដោយពួកគាត់កាន់តែស្គាល់ពីឈ្មោះផលិតផល ដឹងពីគុណភាពប្រើប្រាស់ រួមជាមួយតម្លៃសមរម្យ សន្សំសំចៃ ដែលជាជំហានមួយក្នុងការបំផុសបំផុលប្រជាជនឱ្យគាំទ្រផលិតផលក្នុងស្រុក៕