ការប្រកួតលីគកំពូលកម្ពុជា ជុំទី២ បានបញ្ចប់ ខណៈព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង
ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) បានបញ្ចប់ជុំទី២ហើយ ដោយក្នុងនោះ គេបានរកឃើញក្រុមទាំង៦ ឡើងទៅលេងជុំទី៣ ខណៈក្រុមការពារដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន។
សម្រាប់ក្រុមទាំង៦ ដែលឡើងទៅលេងនៅជុំទី៣ មានដូចជា ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន, វិសាខា, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍ និងបឹងកេត ខណៈក្រុមដែលនៅក្រៅតំបន់ Top 6 មានដូចជា អាយអេសអាយ ដង្កោរសែនជ័យ, ឡាហ្វ ខេត្តព្រះសីហនុ, គីរីវង្សសុខសែនជ័យ, សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ និងក្រុម Tiffy Army FC។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតបញ្ចប់ជុំទី២៖
-ព្រះខ័នរាជស្វាយរៀង ៥-០ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
– បឹងកេត ០-២ វិសាខា
– អាយអេសអាយ ដង្កោរសែនជ័យ ១-២ ភ្នំពេញក្រោន
– Tiffy Army FC០-២ ណាហ្គាវើលដ៍
-អង្គរថាយហ្គឺរ ២-០ ឡាហ្វ ខេត្តព្រះសីហនុ។
គិតត្រឹមសប្ដាហ៍ទី២២ នេះ ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ការពារដំណែងជើងឯក បានបន្តភាពខ្លាំងរបស់ខ្លួន ដោយឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៥២ពិន្ទុ ខណៈភ្នំពេញក្រោន ឈរលេខ២ មាន ៥១ពិន្ទុ រីឯ វិសាខា ឈរលេខ៣ មាន ៤៤ពិន្ទុ។
គួរឱ្យដឹងផងដែរថា ការប្រកួតក្នុងដំណាក់កាលទី២ តំបន់ TOP6 (ក្រុមកំពូលតារាងទាំង៦) និង BOTTOM 5 (ក្រុមចំណាត់ខាងក្រោមទាំង៥) នឹងចាប់ផ្ដើមប្រកួតបន្ដនៅសប្ដាហ៍ទី២៣ ថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕