ព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ភ្នំពេញក្រោនធ្លាក់ទៅលេខ២
ក្លិបព្រះខ័នរាជស្វាយរៀង ឡើងកំពូលជាលើកដំបូង ក្នុងសប្ដាហ៍ទី២១ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ក្រោយពីប្រកួតឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ លទ្ធផល ៣ទល់១ នាកីឡដ្ឋានឡាយហ្វ ខណៈដែលភ្នំពេញក្រោន ធ្លាក់មកលេខ ២ ក្រោយបានត្រឹមស្មើម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១ទល់១ នាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ កាលពីយប់មិញផងដែរ។
បន្ទាប់ពីបានយកឈ្នះឡាយហ្វ ធ្វើឱ្យព្រះខ័នរាជស្វាយរៀង មាន ៤៩ពិន្ទុ លើសភ្នំពេញក្រោន ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីភ្នំពេញក្រោន ភ្លាត់ស្មើរជាមួយអង្គរថាយហ្គឺរ បានត្រឹម១ពិន្ទុ ធ្លាក់មកលេខ២ ជាលើកដំបូងផងដែរ។
ខណៈដែលបឹងកេត មានសុវត្ថិភាពក្នុងតំបន់ TOP6 ទោះនៅសល់១ប្រកួតទៀតក៏ដោយ បន្ទាប់ពីពួកគេបានយកឈ្នះ អាយអេសអាយ ដោយលទ្ធផលមិនគួរឱ្យជឿ ៨ទល់១ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
គួរឱ្យដឹងផងដែរថា ការប្រកួតក្នុងដំណាក់កាលទី២ តំបន់ TOP6 (ក្រុមកំពូលតារាងទាំង៦) និង BOTTOM 5 (ក្រុមចំណាត់ខាងក្រោមទាំង៥) នឹងចាប់ផ្ដើមប្រកួតបន្ដនៅសប្ដាហ៍ទី២៣ ថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕