ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងពានរង្វាង់ ASEAN Club Championship រសៀលនេះ
នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្រោមការដឹកនាំរបស់លោក Pep Munoz នឹងត្រូវប្រកួតជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup វេលាម៉ោង ៧:៣០ ល្ងាច នានៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។
មែនទែនទៅ ការប្រកួតនេះ គឺជាការប្រកួតចុងក្រោយហើយសម្រាប់ក្រុមទាំងពីរ ខណៈបានអស់ឱកាសឡើងទៅកាន់វគ្គបន្តដូចគ្នា ពោលគឺគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ។ បច្ចុប្បន្ន ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរនៅលេខ៥ មាន ៤ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន៤ ឈ្នះ១ ស្មើ១ និងចាញ់២ ខណៈ Shan United ឈរបាត់តារាង មាន ០ពិន្ទុ ដោយចាញ់ទាំង៤ប្រកួត។
ក្រុម BG Pathum United កំពុងឈរកំពូលតារាង មាន ៨ពិន្ទុ Terengganu FC ឈរលេខ២ មាន៧ពិន្ទុ ស្មើគ្នាជាមួយក្រុម PSM Makassar ស្របពេលដែលក្រុម Dong A Thanh Hoa ឈរលេខ៤ មាន ៦ពិន្ទុ។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup នេះ បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូល គឺត្រូវយកក្រុមលេខ១ និងលេខ២ ក្នុងពូល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ៣ ដល់លេខ៦ មិនអាចឡើងទៅកាន់វគ្គបន្តបានឡើយ៕