តើព្រះខ័នរាជស្វាយរៀង អាចបញ្ចប់ភាពមិនដែលចាញ់របស់ក្រុមភ្នំពេញក្រោន បានដែរឬទេ នៅសប្ដាហ៍នេះ?
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ការពារដំណែងជើងឯក នឹងបើកទ្វារផ្ទះទទួលស្វាគមន៍ភ្ញៀវភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៦៖០០នាទីល្ងាច ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១៩។
បច្ចុប្បន្ន ក្លឹបភ្នំពេញក្រោន ពិតជាធ្វើបានល្អមែនទែន ពោលគឺកំពុងឈរកំពូលតារាង ដោយមិនទាន់ចាញ់ការប្រកួតណាមួយឡើយ ចាប់តាំងពីដើមរដូវកាល ជាមួយនឹងលទ្ធផលនៃការឈ្នះ ១៤ប្រកួត និងស្មើ២ មាន ៤៤ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ក៏ធ្វើបានល្អដែរ ដោយឈ្នះ ១៣ ស្មើ ១ និងចាញ់ ២ដង ក្នុងការប្រកួតសរុប ១៦ប្រកួត មាន ៤០ពិន្ទុ ធ្វើឱ្យពួកគេឈរនៅលេខ២។
ការជួបគ្នាលើកចុងក្រោយ ក្នុងជើងទី១ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ នៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោន បានយកឈ្នះ ស្វាយរៀង ក្នុងលទ្ធផល ៤-៣។ យ៉ាងណា មកដល់សប្តាហ៍នេះ ស្វាយរៀង ប្ដេជ្ញាយក ៣ពិន្ទុមកវិញ នៅមុខអ្នកគាំទ្រម្ចាស់ផ្ទះ។
៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនៅលីគកំពូលកម្ពុជា ភ្នំពេញក្រោន ឈ្នះ៤ និងស្មើ១ ស៊ុតបញ្ជូលទីចំនួន ១៤គ្រាប់ របូតគ្រាប់បាល់ ២គ្រាប់ ខណៈ ព្រះខ័នរាជ្យស្វាយរៀង ឈ្នះទាំង ៥ប្រកួត ស៊តបញ្ជូលទីបាន ១៦គ្រាប់ និងមិនរបូតគ្រាប់បាល់សូម្បីមួយគ្រាប់។
ក្រុមព្រះខ័នរាជ្យស្វាយរៀង គឺជាក្រុមមួយដែលគេគិតថា អាចបញ្ឈប់ភាពមិនដែលចាញ់របស់ភ្នំពេញក្រោន ដោយសារក្រុមនេះ មានកីឡាករដែលមានគុណភាព ទាំងកីឡាករបរទេស និងកីឡាករក្នុងស្រុក ដោយមានទម្រង់លេងដ៏ល្អ និងច្បាស់លាស់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Munoz៕