សហព័ន្ធប្រដាល់គុនខ្មែរ ព្រមានជាលាយល័ក្ខអក្សរដល់កីឡាករគុនខ្មែរ ៨រូប ដែលធ្វើការប្រកួតញឹកញាប់ពេក
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសព្រមានជាលាយល័ក្ខអក្សរដល់កីឡាករគុនខ្មែរ ៨រូប ដែលធ្វើការប្រកួតញឹកញាប់ពេក ពោលគឺប្រកួតសម្រាកមានរយៈពេលតិចជាងពីរសប្តាហ៍។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សហព័ន្ធប្រដាល់គុនខ្មែរ ៖
សេចក្តីសម្រេចស្តីពីការដាក់ពិន័យកីឡាករដែលប្រកួត សម្រាកមានរយៈពេលតិចជាងពីរសប្តាហ៍៖
ប្រការ ១៖ ដាក់ពិន័យ ជាការព្រមានជាលាយល័ក្ខអក្សរ និងប្រកាសជាសាធារណៈដល់កីឡាករ ដែលបានចាប់ គូប្រកួត ដោយសម្រាកមានរយៈពេលតិចជាងពីរសប្តាហ៍ មានឈ្មោះដូចខាងក្រោម៖
១-កីឡាករ ម៉ុន ប៊ុនឈៀង នៅក្លឹប បញ្ជាការដ្ឋានកាំភ្លើងធំ
២-កីឡាករផាន ផាន់ណាត់ នៅក្លឹប បញ្ជាការដ្ឋានទ័ពពិសេស
៣-កីឡាករ រិគី ខ្លឹមខ្មៅ នៅក្លឹប ខ្លារខិនមានរិទ្ធ
៤-កីឡាករ មាស ប៊ុនថេន នៅក្លឹប មនោរម្យភ្នំតូច
៥-កីឡាករ ម៉ាលី អូប៉ នៅក្លឹប អិនភីអិនសសុម៉ាលីគុនខ្មែរ
៦-កីឡាករ ផានិត ចៅឆ្វេង នៅក្លឹប សុវណ្ណកុមារគុនខ្មែរ
៧-កីឡាករ យ៉េន ឌីណា នៅក្លឹប អេភូថងគុនខ្មែរ
៨-កីឡាករ រស្មី គុនខ្មែរ នៅក្លឹប គុនខ្មែរដូនតា។
គួររំលឹកថា កាលពីសប្ដាហ៍មុន សហព័ន្ធប្រដាល់គុនខ្មែរ បានសម្រេចចេញសេចក្ដីព្រមានលើកីឡាករ១៥រូប ដែលចេញប្រកួតញឹកញាប់មិនគោរពតាមច្បាប់ សម្រាករបស់សហព័ន្ធគុនខ្មែរ។ តាមច្បាប់ដែលបានកំណត់កីឡាករដែលប្រកួតហើយត្រូវសម្រាកយ៉ាងតិចពីសប្ដាហ៍ ហើយនេះជាការព្រមានតែប៉ុណ្ណោះ បើសិនបង្ករកំហុសជាលើកទី២ទើបទទួលពិន័យផ្អាកមិនឲ្យប្រកួត១ខែ។
ជាលទ្ធផល កីឡាករ ម៉ាលី អគ្គីនេត្រ បានបង្កកំហុសដដែល ដូច្នេះ កាលពីម្សិលមិញនេះ សហព័ន្ធសម្រេចដាក់ពិន័យកីឡាករ ម៉ាលី អគ្គីនេត្រ ដែលជាកីឡាករក្លឹប អិនភីអិនសសុម៉ាលីគុនខ្មែរ មិនអនុញ្ញាតឲ្យចាប់គូប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល ០៦សប្តាហ៍ ដោយកីឡាកររូបនេះ មិនគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានធ្វើការចាប់គូប្រកួតសម្រាករយៈពេលតិចជាងពីរសប្តាហ៍ជាលើកទីពីរ៕