តោខៀវ Chelsea ទម្លាក់ Dortmund កក់កៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Champions League
ក្លិបតោខៀវ Chelsea ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Graham Potter បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League ក្រោយយកឈ្នះជើងខ្លាំងមកពីអាឡឺម៉ង់ Borussia Dortmund ក្នុងលទ្ធផល ២-០ នៅឯកីទ្បដ្ឋាន Stamford Bridge។
មែនទែនទៅ ការប្រកួតជើងទី១ ដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្រុមម្ចាស់ផ្ទះ Dortmund បានយកឈ្នះក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល ១ ទល់នឹង ០។ យ៉ាងណា ការប្រកួតយប់មិញនេះ តោខៀវ សងសឹកបានសម្រេចដោយស៊ុតបញ្ជូលទីបានរហូតដល់ ២គ្រាប់។ ២ គ្រាប់របស់ក្រុមលោក Graham Potter រកបានដោយកីទ្បាករ Raheem Sterling នាទី៤៣ និង ១គ្រាប់ទៀតជាការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ Kai Havertz នាទី៥៣ ក្នុងតង់ទី២។
ចំណែក Dortmund របស់លោក Edin Terzić ក៏បានព្យាយាមដាក់សម្ពាធលើគូប្រជែងវិញផងដែរ ប៉ុន្តែជើងខ្លាំងមកពីអាល្លឺម៉ង់មួយនេះ មិនមានសំណាងទាល់តែសោះ ដោយមិនអាចស៊ុតទម្លុះសំណាញ់ទី Kepa Arrizabalaga របស់ម្ចាស់ផ្ទះបានឡើយ។
លទ្ធផលនេះ បានធ្វើឱ្យក្លិបតោខៀវ Chelsea បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយ Champions League ។ ជាមួយគ្នានេះ ក្លិប Benfica ក៏បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយផងដែរ បន្ទាប់ពីយកឈ្នះលើក្លិប Brugge Club ក្នុងលទ្ធផលសរុបទាំងពីរជើង ៥-១ ៕