អ៊ីរ៉ង់វាយប្រហារលើស្ថានទូតអ៊ីស្រាអែលនៅបារ៉ែន ខណៈអារ៉ាប៊ីសាអូឌីតស្ទាក់ចាប់មីស៊ីល
តេអ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ Fars News Agency បានរាយការណ៍ថា ការវាយប្រហារក្នុងពេលយប់លើរដ្ឋធានីម៉ាណាម៉ា (Manama) នៃប្រទេសបារ៉ែន បានកំណត់គោលដៅលើអគារពាណិជ្ជកម្ម Financial Harbour Towers ដែលជាទីតាំងស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុងនេះ។
សង្គ្រាមដែលបានផ្ទុះឡើងក្នុងសប្តាហ៍ដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ព្រមទាំងការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់លើប្រទេសដែលមានកងកម្លាំង និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាត្រូវបានទាញចូលទៅក្នុងជម្លោះកាន់តែទូលំទូលាយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រថា ដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ ត្រូវបានស្ទាក់ចាប់ និងបំផ្លាញនៅតំបន់ជុំវិញអគារខាងលើ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រ រដ្ឋអារ៉ាប់មួយចំនួន ព្រមទាំងប្រទេស Turkiye និង Azerbaijan ត្រូវបានគេរាយការណ៍ថា កំពុងជាប់ពាក់ព័ន្ធ ឬរងផលប៉ះពាល់ពីជម្លោះដែលកំពុងពង្រីកនេះ។
ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅថ្ងៃសុក្រថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលគ្រូសមួយគ្រាប់ នៅភាគខាងកើតនៃខេត្ត Al-Kharj ស្ថិតនៅភាគកណ្តាលប្រទេស។ ទោះយ៉ាងណា ក្រសួងមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
ក្រោយមក ក្រសួងដដែលបានបន្ថែមថា ដ្រូនចំនួនបីគ្រឿង ត្រូវបានស្ទាក់ចាប់នៅភាគខាងកើតនៃតំបន់ Riyadh ផងដែរ។

ដោយឡែក ក្រសួងការពារជាតិកាតា បានប្រកាសកាលពីយប់មិញថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដោយជោគជ័យនូវការវាយប្រហារដោយយន្តហោះដ្រូន ដែលមានគោលដៅទៅលើមូលដ្ឋានទ័ពអាកាស Al Udeid នៅទីក្រុងដូហា។ មូលដ្ឋាននេះជាកន្លែងដាក់កងកម្លាំង និងសព្វាវុធរបស់សហរដ្ឋអាមេរិក។
អាជ្ញាធរបានចេញសេចក្តីព្រមានថ្មីៗនេះថា កម្រិតនៃការគម្រាមកំហែងសន្តិសុខបានកើនឡើង ដោយណែនាំឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងនៅឱ្យឆ្ងាយពីបង្អួច ឬតំបន់បើកចំហផ្សេងៗ។ការផ្ទុះជាច្រើនត្រូវបានរាយការណ៍ថា បានកើតឡើងនៅទីក្រុងដូហា កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងបរិបទនេះ មេដឹកនាំសហភាពអឺរ៉ុបបានសម្តែងការគាំទ្រចំពោះបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ខណៈដែលអ៊ីរ៉ង់បន្តបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើគោលដៅនានាទូទាំងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas និងមេដឹកនាំអឺរ៉ុបផ្សេងទៀត បានជួបពិភាក្សាជាមួយមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងព្រុចសែល។ ក្នុងកិច្ចពិភាក្សានោះ ពួកគេបានបរិហារនូវអ្វីដែលពួកគេហៅថា «ការវាយប្រហារដែលមិនអាចទទួលយកបានរបស់អ៊ីរ៉ង់ ប្រឆាំងនឹងបណ្តាប្រទេស GCC»។
នៅទីតាំងផ្សេងទៀត កងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង នៅក្នុងទីក្រុង Irbid នៃប្រទេសហ្ស៊កដានី។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera ៕