Close

ថៃ អញ្ជើញ វៀតណាម ចូលរួមការប្រកួតពានរង្វាន់ King’s Cup 2025

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
ថៃ អញ្ជើញ វៀតណាម ចូលរួមការប្រកួតពានរង្វាន់ King’s Cup 2025 ថៃ អញ្ជើញ វៀតណាម ចូលរួមការប្រកួតពានរង្វាន់ King’s Cup 2025

ក្រុមជម្រើសជាតិវៀតណាម អាចនឹងចូលលេងក្នុងព្រឹត្តិការណ៍ King’s Cup ប្រចាំឆ្នាំរបស់ប្រទេសថៃម្តងទៀត បន្ទាប់ពីលោកស្រី Nualphan Lamsam ដែលត្រូវបានគេស្គាល់ថា Madam Pang អញ្ជើញ ពួកគេ ចូលរួមការប្រកួតនេះ។

យោងតាមការសែត Siam Sport ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) Madam Pang ចង់អញ្ជើញវៀតណាម ដែលទើបតែក្លាយជាម្ចាស់ជើងឯក ASEAN Cup 2024 ចូលរួមការប្រកួត King’s Cup 2025។

Madam Pang បាននិយាយថា ៖« យើងចង់អញ្ជើញវៀតណាម ឱ្យចូលរួមក្នុងការប្រកួតពានរង្វាន់ King’s Cup ឆ្នាំ 2025។ ការចូលរួមរបស់ពួកគេអាចជួយយើងឱ្យទទួលបានជោគជ័យ ក្នុងការនាំយកការប្រកួតទៅកាន់ខេត្តផ្សេងៗដូចជា ឈាងម៉ៃ និងខេត្តសុងក្លា»។

មែនទែនទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសថៃ បានផ្លាស់ប្តូរពានរង្វាន់ King’s Cup ពីពហុកីឡដ្ឋានជាតិ Rajamangala ទៅតាមទីលានតូចៗ ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួន។ សម្រាប់ការប្រកួតឆ្នាំ ២០២៥ កីឡដ្ឋាន Supachalasai ក្នុងទីក្រុងបាងកក កំពុងស្ថិតក្រោមការពិចារណា។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីការប្រកួតពានរង្វាន់ King’s Cup 2025 រួមទាំងកាលវិភាគ និងទីកន្លែងរបស់វា មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

យ៉ាងណាមិញ វាមិនប្រាកដថា តើវៀតណាម នឹងទទួលយកការអញ្ជើញនោះឬយ៉ាងណានោះទេ។ នៅឆ្នាំ ២០២៤ វៀតណាម ក្រោមការបង្វឹក Kim Sang-sik មិនបានចូលរួមក្នុងការប្រកួតនេះទេ។ ពានរង្វាន់ King’s Cup 2024 មានម្ចាស់ផ្ទះថៃ តាហ្ស៊ីគីស្ថាន ស៊ីរី និងហ្វីលីពីន។ ទីបំផុតថៃ ឈ្នះជើងឯក ដោយយកឈ្នះ ស៊ីរី ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។

វៀតណាម បានប្រកួតចុងក្រោយក្នុងពានរង្វាន់ King’s Cup 2019 ។ ក្រុមនេះ បានយកឈ្នះ ថៃ ក្នុងលទ្ធផល ១-0 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ គូរ៉ាកាវ ដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ ដោយបានត្រឹមជើងឯករង៕

ថៃ អញ្ជើញ វៀតណាម ចូលរួមការប្រកួតពានរង្វាន់ King's Cup 2025