សមាគមកីឡាបាល់ទាត់ថៃ នឹងនាំយកអាជ្ញាកណ្តាលបរទេស មកកាត់សេចក្ដីនៅ Thai League
ដើម្បីធានាឱ្យមានតម្លាភាពក្នុងការប្រកួត ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកជំទាវ Nualphan Lamsam ដែលគេស្គាល់ថា “Madam Pang” បានស្នើឱ្យនាំយកអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ការប្រកួតចុងក្រោយនៃ Thai League និង Cup នៅរដូវកាលនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៍មានក្នុងស្រុកថៃ អាជ្ញាកណ្តាល FIFA Elite បរទេស នឹងទទួលបន្ទុកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Thai League និង Cup ចាប់ផ្តើមពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដល់វគ្គផ្តាច់ព្រ័ត្រ នៃរដូវកាលនេះ។
ដូច្នេះមានន័យថា ការប្រកួតរវាង ក្រុមបាល់ទាត់ Buriram United និងក្រុម Nongbua Pitchaya ក៏ដូចជាក្រុម PT Prachuap FC ទល់នឹង True Bangkok United ក្នុងការប្រកួតចុងក្រោយ នៃរដូវកាលនេះ នឹងត្រូវដឹកនាំដោយ FIFA Elite Referees មកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមសមាគមកីឡាបាល់ទាត់ថៃ ការប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្ដាល ដែលគេនិយមហៅថា VAR នោះ នឹងនៅតែដំណើរការដោយអាជ្ញាកណ្តាលថៃដូចធម្មតា៕