Neymar៖ World Cup 2026 នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ
តារាឆ្នើមប្រេស៊ីល កីឡាករ Neymar Jr បាននិយាយថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្លួន ដោយបន្ថែមថា ប្រេស៊ីល នឹងអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅអាមេរិកខាងជើង។
Neymar Jr បានថ្លែងមកកាន់កាសែត CNN យ៉ាងដូច្នេះថា៖ «ខ្ញុំដឹងថា នេះនឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្ញុំ ការស៊ុតចុងក្រោយរបស់ខ្ញុំ ឱកាសចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបាន ដើម្បីលេងនៅ World Cup 2026 »។
កីឡាករដែលពូកែលេង Skill រូបនេះ ក៏បានប្រាប់បណ្តាញព័ត៌មានអាមេរិក នៅក្នុងបទសម្ភាសន៍ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនបដិសេធការជួបជុំជាមួយអតីតមិត្តរួមក្រុម Barcelona Lionel Messi និង Luis Suarez នៅក្លឹប Inter Miami របស់សហរដ្ឋអាមេរិក នោះទេ។ Neymar បាននិយាយនៅឯពិធីប្រគល់ពានរង្វាន់នៅទីក្រុងឌូបៃថា ៖«ជាក់ស្តែង ការលេងម្តងទៀតជាមួយ Messi និង Suarez នឹងក្លាយជារឿងមិនគួរឱ្យជឿ»។
មែនទែនទៅ ប្រេស៊ី ហាក់ធ្វើមិនសូវបានល្អនោះទេ ក្នុងការប្រកួតជម្រុះ World Cup នៅអាមេរិកខាងត្បូង។ បន្ទាប់ពី ១២ប្រកួត ប្រេស៊ី ឈរនៅលេខ ៥ ក្នុងក្រុមចំណើមក្រុមចំនួន១០។ ប៉ុន្តែក្រុមកំពូលទាំង៦ ត្រូវបានធានានៅក្នុងការប្រកួត World Cup ហើយប្រេស៊ីល មាន ៥ពិន្ទុ នាំមុខ ក្រុមបូលីវី ដែលឈរនៅលេខ៧ ។
Neymar បានចាប់ផ្តើមការប្រកួតជម្រុះ៤លើកដំបូងរបស់ប្រេស៊ីល ប៉ុន្តែបានរងរបួសនៅពាក់កណ្តាលតង់ ក្នុងការប្រកួតដែលពួកគេបានចាញ់ក្រុមអ៊ុយរូហ្គាយ កាលពីខែតុលា ឆ្នាំ ២០២៣ ហើយត្រូវបានសម្រាករយៈពេលមួយឆ្នាំ៕