Close

អ្នកលេងពូថៅដៃ ធឿន ធារ៉ា ចេញមុខសំទោសអ្នកគាំទ្រ ក្រោយខកខានក្នុងការប្រកួត ដោយសាររបួស ពីការលេងបាល់ទាត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ កីឡា
អ្នកលេងពូថៅដៃ ធឿន ធារ៉ា ចេញមុខសំទោសអ្នកគាំទ្រ ក្រោយខកខានក្នុងការប្រកួត ដោយសាររបួស ពីការលេងបាល់ទាត់ អ្នកលេងពូថៅដៃ ធឿន ធារ៉ា ចេញមុខសំទោសអ្នកគាំទ្រ ក្រោយខកខានក្នុងការប្រកួត ដោយសាររបួស ពីការលេងបាល់ទាត់

កីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខ រហស្សនាមអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានចេញមកសុំទោសអ្នកគាំទ្រ បន្ទាប់ពីរូបគេបានខកខានក្នុងការប្រកួត 4 Man Tournament នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយសាររបួស ពីការលេងបាល់ទាត់កាលពីខែធ្នូ។

កាលពីថ្ងៃពុធ ម្សិលមិញនេះ ធឿន ធារ៉ា បានចេញមុខសំទោសអ្នកគាំទ្រ ដោយបានបង្ហោះលើទំព័រ Facebook ផ្លូវការណ៍របស់ខ្លួនថា៖«ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែន ចំពោះការអាក់ខានមិនបានប្រកួត សម្រាប់ថ្ងៃទី៧ មករា ខាងមុខនេះ។ ខ្ញុំគ្មានពាក្យអ្វីនិយាយកែខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលប្រមាថ មិនចេះប្រុងប្រយ័ត្ន»

កីឡាករជួរមុខរូបនេះ បានបន្ថែមថា ៖«សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ ទូទាំងប្រទេស។ សុំទោសសម្តេចពុក សុំទោសមេធំ សុំទោសមេ Tommy។ ខ្ញុំ ធឿន ធារ៉ា សុំពេលសម្រាកព្យាបាលរបួសមួយរយៈ បន្ទាប់ពីនេះ ខ្ញុំនឹងមិនធ្វើឲ្យពុកម៉ែបងប្អូន ខកបំណងទៀតឡើយ»។

អ្នកលេងពូថៅដៃ ធឿន ធារ៉ា ចេញមុខសំទោសអ្នកគាំទ្រ ក្រោយខកខានក្នុងការប្រកួត ដោយសាររបួស ពីការលេងបាល់ទាត់

មែនទែនទៅ ការសុំទោសនេះ បានកើតមានឡើង បន្ទាប់ពីរូបគេបានធ្វើឲ្យខកខានក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រាជសីហ៍គុនខ្មែរ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ របស់សង្វៀនថោន ដោយសាររបួស នៅពេលរូបគេបានចូលរួមលេងបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

គួររំលឹកថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំជាច្រើនខែមកហើយ ដែលមានកីឡាករបារាំង Omar Samb ដែលធ្លាប់ឈ្នះ ឈឿង ល្វៃ នៅប្រទេសបារាំង និងធ្លាប់ឈ្នះកីឡាករបរទេសនៅកម្ពុជា។ កីឡាករបារាំងរូបនេះ បានលើកឡើងជាយូរមកហើយដែលរូបគេចង់ជួប ធឿន ធារ៉ា ហើយជារឿយៗរូបគេបង្ហាញសារជាសាធារណៈអំពីការមកប្រកួតនៅកម្ពុជានាខែមករានេះ។ ទោះបីជាយ៉ាងណា បំណងរបស់កីឡាករបារាំងនាពេលនេះ បានរលាយសូន្យ ពីព្រោះគ្មានវត្តមាន ធឿន ធារ៉ា ឡើយ។

គួរបញ្ជាក់ថា ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដ៏ល្បីល្បាញមួយរូបក្នុងពេលបច្ចុប្បន្ននេះ។នៅឆ្នាំ២០២៤កន្លងទៅ រូបគេរកចំណូលបានមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយ ដែលបូកសរុបទាំងតម្លៃខ្លួន ប្រាក់រង្វាន់ និងផ្ទះវីឡា។មិនតែប៉ុណ្ណោះ ធឿន ធារ៉ា ជាអត្តពលិកកម្ពុជាតែម្នាក់គត់ បានជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិក Forbes ក្នុងឆ្នាំ២០២៤ ដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល៕

អ្នកលេងពូថៅដៃ ធឿន ធារ៉ា ចេញមុខសំទោសអ្នកគាំទ្រ ក្រោយខកខានក្នុងការប្រកួត ដោយសាររបួស ពីការលេងបាល់ទាត់