Conor McGregor នឹងត្រលប់មកកាន់សង្វៀនវិញ ដែលនឹងរកចំណូលបាន ២៥០ លានដុល្លារ
កំពូលតារា MMA Conor McGregor មានពាក្យចចាមអារ៉ាមថា នឹងត្រលប់មកវិញ ក្នុងការប្រកួតតាំងពិពណ៌ដ៏ល្បីជាមួយ YouTuber និងជាជាអ្នកប្រដាល់អាមេរិក Logan Paul ដោយអ្នកទាំងពីរ នឹងរកចំណូលបានក្នុងម្នាក់ ២៥០ លានដុល្លារ។
កាលពីចុងសប្តាហ៍នេះ អ្នកកាសែត MMA លោក Emmett Glenn បានបង្ហាញនៅលើបណ្ដាញសង្គម X ថា McGregor និង Logan Paul គ្រោងនឹងជួបប្រកួតគ្នា នៅទីក្រុងបុមបៃ ក្នុងឆ្នាំ ២០២៥នេះ។ ការប្រកួតនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅកីឡដ្ឋាន Wankhede ដែលជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា។
បើតាមប្រព័ន្ធផ្សព្វផ្សាយ អ្នកប្រដាល់ទាំងពីរ មានពាក្យចចាមអារ៉ាមថា នឹងទទួលបាន ២៥០លានដុល្លារ សម្រាប់ការប្រកួតដែលនឹងធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ ដែលរកបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់។ ចំនួនទឹកប្រាក់ដែលមានតម្លៃ ៥០០លានដុល្លារ សម្រាប់ការតាំងពិពណ៌ បានធ្វើឱ្យមានការជជែកដេញដោលគ្នាតាមអ៊ីនធឺណិត។
ដោយអ្នកគាំទ្រប្រដាល់ជាច្រើនលើកឡើងថា ច្រើនជាងការប្រកួតជើងឯកពិភពលោកទៅទៀត។ អ្នកខ្លះនិយាយថា អ្នកប្រយុទ្ធម្នាក់ៗទទួលបាន ២៥០លានដុល្លារ សម្រាប់ការតាំងពិព័រណ៍? ពិតជាមិនគួរឲ្យជឿ។
McGregor បានប្រកួតអាជីពចុងក្រោយ ក្នុងខែកក្កដា ឆ្នាំ ២០២១ នៅ UFC 264 ជាកន្លែងដែលគាត់បានរងរបួសកជើង ក្នុងការចាញ់ កីឡាករ Dustin Poirier ។ McGregor គឺជាអតីតជើងឯក UFC featherweight និងទម្ងន់ស្រាល និងជាអ្នកប្រដាល់ UFC ដំបូងគេ ដែលកាន់តំណែងក្នុងផ្នែកទម្ងន់២ ក្នុងពេលដំណាលគ្នា។
ទស្សនាវដ្ដី Forbes បានដាក់ឈ្មោះ McGregor ជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោក ក្នុងឆ្នាំ ២០២១ ដោយរកបាន ១៨០លានដុល្លារ ហើយគាត់ក៏ជាប់ចំណាត់ថ្នាក់ទី៤ ក្នុងឆ្នាំ ២០១៨ ដោយរកបាន ៩៩លានដុល្លារ ផងដែរ។
មិនតែប៉ុណ្ណោះ ការប្រកួតប្រដាល់ចម្រុះរបស់ McGregor ជាមួយនឹង Floyd Mayweather ក្នុងឆ្នាំ ២០១៧ បានធ្វើឱ្យឈ្មោះរបស់គាត់ ទៅកម្រិតមួយទៀត។ ទោះបីជា McGregor ចាញ់ក៏ដោយ ក៏គាត់រកបាន ១០០លានដុល្លារ ផងដែរ។
ចំណែក Logan Paul ដែលត្រូវបានគេស្គាល់ថា ជាបុគ្គល់ដ៏មានឥទ្ធិពលមួយរូបក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបានប្រឡូកក្នុងវិស័យប្រដាល់អាជីពជាមួយនឹងការប្រដាល់ផ្លូវការចំនួនពីរ។ ក្នុងឆ្នាំ ២០១៩ ដោយបានចាញ់ពិន្ទុ លើតារាង YouTuber KSI របស់អង់គ្លេស ប៉ុន្តែក្រោយមក បានយកឈ្នះ Dillon Danis ឆ្នាំ ២០២៣។
ការប្រកួតដ៏គួរឱ្យកត់សម្គាល់បំផុតរបស់ Paul បានកើតឡើងក្នុងឆ្នាំ ២០២១ ជាការប្រកួតតាំងពិព័រណ៍ជាមួយ Floyd Mayweather នៅកីឡដ្ឋាន Hard Rock ជាកន្លែងដែលរូបគេបានប្រកួតអស់ប្រាំបីទឹក ហើយត្រូវបានគេរាយការណ៍ថា រកចំណូលបាន ២០លានដុល្លារ៕