Close

សម្ដេចតេជោ ជំរុញឱ្យដោះស្រាយជំលោះដីធ្លីនៅក្រៅប្រព័ន្ធតុលាការ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានសន្តិសុខ
សម្ដេចតេជោ ជំរុញឱ្យដោះស្រាយជំលោះដីធ្លីនៅក្រៅប្រព័ន្ធតុលាការ សម្ដេចតេជោ ជំរុញឱ្យដោះស្រាយជំលោះដីធ្លីនៅក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃទី២៧ ធ្នូ២០២២ម្សិលមិញនេះបានឱ្យដឹងថា ជំលោះដីធ្លីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងនៅក្រោយប្រទេសមានសុខសន្តិភាព ហើយសម្ដេចក៏បានជំរុញឱ្យអាជ្ញាធរ ក៏ដូចជាភាគីជំលោះដីធ្លីព្យាយាមដោះស្រាយជំលោះដីធ្លីក្រៅប្រព័ន្ធតុលាការ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ជំលោះដីធ្លីមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលគឺនៅពេលប្រទេសមានសន្តិភាព ករណីជំលោះដីធ្លីក៏បានកើតឡើង ហើយនៅពេលប្រទេសមានសង្គ្រាម អស្ថិរភាព ពលរដ្ឋបានបោះបង់ដីធ្លីចោល ជាក់ស្ដែងកាលពីជំនាន់ឆ្នាំ១៩៧៥ ដល់ ១៩៧៩ មិនមានប្រជាពលរដ្ឋណាម្នាក់ចង់បានដីនោះទេ ពេលនោះគឺចង់ឱ្យតែខ្លួនរស់ ហើយនៅពេលប្រទេសមានសន្តិភាពជំលោះដីធ្លីនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមកើនឡើង រហូតដល់ជំលោះជាមួយបងប្អូនបង្កើត ជាមួយឪពុកម្ដាយផងដែរ ។

សម្ដេចបានបន្តថា ករណីខ្លះ ដីមួយកន្លែងតែគេយកទៅលក់តៗគ្នាជាច្រើនម្ចាស់ ដោយមិនដឹងថា ដីនោះជាដីអ្នកណាពិតប្រាកដ ។ សម្ដេចបានជំរុញឱ្យភាគីទាំងអស់ព្យាយាមដោះស្រាយជំលោះដីធ្លីនៅក្រៅប្រព័ន្ធតុលាការ ។

សម្ដេចបន្ថែមថា កំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ហើយការកើនឡើងនៃពលរដ្ឋនេះដែរក៏ធ្វើឱ្យពលរដ្ឋទៅកាប់ព្រៃរុករានយកដីមកបង្កបង្កើនផល សង់ផ្ទះ ជាក់ស្ដែងក្រោយឆ្នាំ១៩៧៩ កម្ពុជាមានប្រជាជនតែ៥លាននាក់តែមកដល់ពេលនេះកំណើនប្រជាជនកើនឡើងដល់១៦លាននាក់ដូច្នេះហើយរឿងវាទដីធ្លីជៀសមិនផុតនោះទេ។

ជា មួយគ្នានេះ ដែរ សម្ដេចក៏មិនគាំទ្រដល់តុលាការដែលអាងចាប់ចងមនុស្សពាក់ព័ន្ធនឹងវិវាទដីធ្លី ពីព្រោះថាករណីនេះជាករណីរដ្ឋវប្បវេណី ដែលអាចដោះស្រាយនៅក្រៅប្រព័ន្ធតុលាការបាន។ សម្ដេចក៏បានអំពាវនាវឱ្យតុលាការពិចារណាក្នុងករណីចាប់មនុស្សពាក់ព័ន្ធនឹងជំលោះដីធ្លី ឬករណីទិញដីខ្យល់ ៕

អត្ថបទទាក់ទង