Close

ជំនួបរវាងឡាវ-ឥណ្ឌូណេស៊ី បានបំបែកកំណត់ត្រាជាច្រើន ក្នុងពានរង្វាន់ AFF Cup

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន កីឡា
ជំនួបរវាងឡាវ-ឥណ្ឌូណេស៊ី បានបំបែកកំណត់ត្រាជាច្រើន ក្នុងពានរង្វាន់ AFF Cup ជំនួបរវាងឡាវ-ឥណ្ឌូណេស៊ី បានបំបែកកំណត់ត្រាជាច្រើន ក្នុងពានរង្វាន់ AFF Cup

ក្រុមជម្រើសជាតិឡាវ បានប្រកួតស្មើជាមួយ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-៣ ក្នុងការប្រកួតជុំទី២ នៃពូល B ក្នុងពានរង្វាន់ AFF Cup 2024 កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ដោយបានកត់ត្រាកីឡាករឡាវវ័យក្មេងបំផុត ដែលស៊ុតបញ្ចូលទីបាន៤គ្រាប់លឿនបំផុត ក្នុងប្រវត្តិសាស្ត្រ ASEAN Cup។

នៅនាទីទី៩ កីឡាករ Phousomboun Panyavong បានបើកការស៊ុតបញ្ចូលទី ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករឡាវវ័យក្មេងបំផុតរបស់ឡាវ ដែលស៊ុតបញ្ចូលទីនៅ ASEAN Cup (ពីមុនហៅថា AFF Cup និង Tiger Cup) នៅអាយុ ១៧ឆ្នាំ ៥ខែ ២២ថ្ងៃ។ កាលពីមុន ម្ចាស់កំណត់ត្រា ក្នុងវិស័យបាល់ទាត់ឡាវគឺ Somxay Keohanam នៅអាយុ ២០ឆ្នាំ ៣ខែ និង ២៤ថ្ងៃ ដែលគាត់បានស៊ុតបញ្ចូលទីក្នុងការប្រកួតឡាវ ចាញ់ កម្ពុជា ១-៣ ក្នុងវគ្គចែកពូលក្នុងឆ្នាំ ២០១៨។

ទោះបីជាយ៉ាងណា កំណត់ត្រាសម្រាប់កីឡាករក្មេងបំផុត ដែលស៊ុតបញ្ចូលទីក្នុងការប្រកួតនៅតែជារបស់កីឡាករ Aung Kyaw Tun ដែលជាខ្សែបម្រើមីយ៉ាន់ម៉ា ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតចាញ់ ថៃ ១-៣ ក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ក្នុងអាយុ ១៤ឆ្នាំ និង ៩៣ថ្ងៃ។

ជំនួបរវាងឡាវ-ឥណ្ឌូណេស៊ី បានបំបែកកំណត់ត្រាជាច្រើន ក្នុងពានរង្វាន់ AFF Cup

ក្រោយគ្រាប់បាល់របស់ Panyavong កីឡាករ Kadek Arel បានតាមស្មើឲ្យឥណ្ឌូនេស៊ី នៅនាទីទី១២។ ប៉ុន្តែមួយនាទីក្រោយមក Phathana Phommathep បានជួយឲ្យឡាវនាំមុខវិញ។ នៅនាទីទី១៨ កីឡាករ Muhammad Ferrarri បានតាមស្មើវិញជាលើកទីពីរ ដែលជាគ្រាប់បាល់ចុងក្រោយ នៃតង់ទីមួយផងដែរ។

នេះគឺជាការប្រកួតលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ASEAN Cup ដែលរកបាន៤គ្រាប់ ក្នុងរយៈពេល១៨នាទី។ លើសពីនេះ ការប្រកួតនេះក៏បានបង្កើតកំណត់ត្រា សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតចំនួន៣គ្រាប់ផងដែរ ក្នុងរយៈពេល ១៣នាទី។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងតង់ទីមួយនោះទេ។ កំណត់ត្រានៃការស៊ុតបញ្ចូលទីចំនួនប្រាំពីរគ្រាប់ ជារបស់ក្រុមឥណ្ឌូនេស៊ី ឈ្នះហ្វីលីពីន ១៣-១ ក្នុងវគ្គចែកពូលក្នុងឆ្នាំ២០០២។

ចូលដល់តង់ទីពីរ ឡាវ មានប្រៀបលើកីឡាករម្នាក់ទៀត នៅពេលដែល Marselino ទទួលបានកាតក្រហម។ បន្ទាប់ពីអនុញ្ញាតឱ្យ Ferrarri រកគ្រាប់បាល់បាន ពួកគេបានតាមស្មើ ៣-៣ ដោយសារកីឡាករកើតឆ្នាំ ២០០៦ Peter Phanthavong នៅនាទីទី៧៧។ នេះជាលើកទីមួយហើយ ដែលឡាវរកបានបីគ្រាប់ក្នុងការប្រកួត ASEAN Cup ចាប់តាំងពីចាញ់សិង្ហបុរី ៣-៤ ក្នុងវគ្គចែកពូលកាលពីឆ្នាំ ២០១២។

យប់មិញនេះ ឡាវ ក៏បានបង្កើតកំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេ ទល់នឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ផងដែរ។ កាលពីមុន ពួកគេបានស៊ុតបញ្ចូលទីបាន២គ្រាប់ ទល់នឹងក្រុមប្រទេសប្រជុំកោះមួយនេះ ចំនួនពីរដង ដោយចាញ់ ២-៥ នៅស៊ីហ្គេមឆ្នាំ ១៩៩៧ និងស្មើ ២-២ នៅ AFF Cup ឆ្នាំ ២០១២៕

ជំនួបរវាងឡាវ-ឥណ្ឌូណេស៊ី បានបំបែកកំណត់ត្រាជាច្រើន ក្នុងពានរង្វាន់ AFF Cup