លោក ឃឹម ហ្វីណង៖ ថ្លៃស្ពៃក្រញាញ់របស់សហគមន៍នៅត្រាំកក់ មានតម្លៃ ២០០០៛
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ពៃក្រញាញ់ ដែល ដាំ និងលក់ចេញផ្ទាល់ពីសហគមន៍កសិកម្មទំនើបនៅត្រាំកក់ ក្នុងតម្លៃ ២០០០៛/គីឡូ នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។
ទោះជាយ៉ាងណា លោក បញ្ជាក់ទៀតថា ក្នុងរយៈពេល ប្រមាណជាង ៤ខែចុងក្រោយនេះ ថ្លៃស្ពៃក្រញាញ់របស់សហគមន៍ប្រែប្រួលតែក្នុងរង្វង់១៥០០៛-២០០០៛ តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើប្រៀបធៀបទៅនឹងថ្លៃទីផ្សារនៅខាងក្រៅសហគមន៍ ព្រឹកមិញដូចគ្នា ស្ពៃក្រញាញ់មានតម្លៃ ៥០០៛/គីឡូ។
លោក សង្កត់ធ្ងន់ទៀតថា កាលពីខែមុន ថ្លៃស្ពៃដដែលនេះបានហក់ឡើងរហូតដល់ ៣៥០០៛/គីឡូ ឯណោះ។ តែយើងក៏នៅចាំបានដែរថា មុនពេលដែលសហគមន៍កសិកម្មទំនើបត្រូវបានបង្កើតកាលពី៥ខែមុន ស្ពៃក្រញាញ់នៅតំបន់នេះបានថ្លៃត្រឹមតែ ៣០០៛/គីឡូទេ។
លោក បន្ថែមថា ទាំងនេះហើយគឺជាភាពខុសគ្នារវាងទីផ្សារថ្លៃកសិផលនៃសហគមន៍កសិកម្មទំនើប និងទីផ្សារនៃការធ្វើកសិកម្មជាលក្ខណៈគ្រួសារ។ «លក់មុនដាំ» និងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីកាត់បន្ថយភាពស្រពេចស្រពិលនៃថ្លៃ និងហានិភ័យនៃទីផ្សារ។
ជាមួយគ្នានេះ លោក បានអំពាវនាវដល់ បងប្អូនកសិករដែលដាំដំណាំស្រូវ បន្លែ ស្វាយចន្ទី ឬម្រេច ដែលតែងជួបបញ្ហាប្រឈមនៃទីផ្សារ ខ្វះខាតទុន ឬចង់បានការគាំទ្រផ្នែកបច្ចេកទេសដាំដុះ គួរពិចារណាចងក្រងផលិតជាសហគមន៍កសិកម្មទំនើប ក្រសួងនឹងផ្តល់ការសម្របសម្រួលជូន៕