លោក ឌិត ទីណា៖ មន្ទីរពិសោធន៍ជាតិកសិកម្ម មានសារៈសំខាន់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា «មន្ទីរពិសោធន៍ជាតិកសិកម្ម មានសារៈសំខាន់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា។ លោក ឌិត ទីណា បានលើកឡើងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ UNIDO លើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្មនារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្សុីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍នេះឱ្យមានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។
លើសពីនេះ លោក រដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។
ក្នុងការងារនេះ លោកបានសង្កត់ធ្ងន់ថា មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វេីពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលេីអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ។
លោកថ្លែងទៀតថា« ម្ល៉ោះហើយ ការងារនេះត្រូវធ្វេីឱ្យទាន់ពេលវេលា និងមានសម្ភារៈគ្រប់គ្រាន់ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕