Close

ចាន់ វឌ្ឍនាកា វិលចូលទីលានវិញជាលើកដំបូង ក្រោយខកខានជាងមួយឆ្នាំដោយសាររបួស និងជួយបឹងកេតទទួលបានជ័យជំនះលើកដំបូងនៅ League Cup

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ កីឡា
ចាន់ វឌ្ឍនាកា វិលចូលទីលានវិញជាលើកដំបូង ក្រោយខកខានជាងមួយឆ្នាំដោយសាររបួស និងជួយបឹងកេតទទួលបានជ័យជំនះលើកដំបូងនៅ League Cup ចាន់ វឌ្ឍនាកា វិលចូលទីលានវិញជាលើកដំបូង ក្រោយខកខានជាងមួយឆ្នាំដោយសាររបួស និងជួយបឹងកេតទទួលបានជ័យជំនះលើកដំបូងនៅ League Cup

ភ្នំពេញ​ : កាលពីថ្ងៃអាទិត្យ ទី០៥ ខែមីនា ម្សិលមិញ​នេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបឹងកេត និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានត្រលប់ចូលមកកាន់ទីលានវិញហើយ ក្រោយរូបគេខកខានរយៈពេលជាងមួយឆ្នាំមួយខែ ដោយសាររបួសដាច់សសៃជង្គង់ ACL នឹងជួយឲ្យបឹងកេតទទួលបានជ័យជំនះលើកដំបូងនៅ Cambodian League Cup ២០២៣។

ក្នុងការប្រកួតម្សិលមិញនេះ ចាន់ វឌ្ឍនាកា បានផ្លាស់ប្ដូរចូលជំនួសកីឡាករ កាន់ ពិសាល នៅនាទីទី៦៣ នៅពេលដែលត្រូវក្រុម Tiffy Army កំពុងនាំមុខ ៣ ទល់នឹង ២។ ការបង្ហាញខ្លួនលើកដំបូងរបស់គេពិតជាល្អ ដោយរូបគេបានព្យាយាមរកគ្រាប់បាល់ និងបង្កើតឱកាសជាច្រើនលើកច្រើនសារ តែត្រូវរារាំងដោយអ្នកចាំទីរបស់ Tiffy Army។ យ៉ាងណាក៏ដោយ នៅនាទីចុងក្រោយជិតបញ្ចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី ៩០+២ វឌ្ឍនាកា បានលើកបាល់ជ្រុងយ៉ាងស្អាតឲ្យកីឡាករ ឃាន់ សុបិន ស៊ុត​បញ្ជូនទីគ្រាប់បាល់ជ័យជំនះ។ បញ្ជប់ការប្រកួត បឹងកេត បានវាយបកយកឈ្នះ Tiffy Army ដោយលទ្ធផល ៤ ទល់នឹង ៣ នាកីឡដ្ឋាន ខេមបូឌាអ៊ែរវែរ។

ក្រោយចប់ការប្រកួត គ្រូបង្វឹកថ្មីបឹងកេត លោក Clement Teo បាននិយាយថា៖« កីឡាករទាំងអស់, អ្នកគួរតែរីករាយជាមួយនឹងជ័យជម្នះមួយនេះ ព្រោះវាបង្ហាញអំពីអ្វីដែលអ្នកបានធ្វើ ពិសេសគឺការសហការគ្នាយ៉ាងល្អ ក្រោយពេលដែលគេនាំមុខ ៣ ទល់នឹង ១ អ្នកបានបង្ហាញនូវរបៀបនៃការធ្វើការងាជាក្រុម»។

គួរបញ្ជាក់ថា  នេះគឺជាជ័យជំនះលើកដំបូងហើយ សម្រាប់ បឹងកេត ក្រោយឆ្លងកាត់៣ប្រកួត ចាញ់២ និងឈ្នះ១ មាន ៣ពិន្ទុ ឈរលេខរៀងទី៥ នៅក្នុងពូល A។ ប្រកួតដំបូង បឹងកេត ចាញ់ ក្រុមកំពូលតារាង វិសាខា ៣-០ ហើយប្រកួតទី២ បន្តចាញ់ក្រុម គីរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ២-០។

គួររម្លឹកថា ខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា បានរងរបួស នៅក្នុងជំនួបវិសាខា ក្នុងពានរង្វាន់ Prince Beer Pre-season Cup នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ។ កីឡាកររូបនេះ ដាច់សរសៃជង្គង់ ACLខាងស្ដាំ៕

  

អត្ថបទទាក់ទង