Close

សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេជួយបង្កើនជីវភាពប្រជាជន លើកកម្ពស់គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់ទឹកដី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ សង្គម
សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេជួយបង្កើនជីវភាពប្រជាជន លើកកម្ពស់គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់ទឹកដី សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេជួយបង្កើនជីវភាពប្រជាជន លើកកម្ពស់គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់ទឹកដី

កំពត​ : ស្ថិតនៅក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ ជាទីកន្លែងផ្ដល់នូវប្រភពការងារ ជួយប្រជាជនឱ្យមានជីវភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ សហគមន៍មួយនេះបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានទំនប់ទឹកជាគោលដៅទាក់ទាញភ្ញៀវទេសចរ។

សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ បង្កើតឡើងដោយមានការចូលរួមពីប្រជាជនចំនួន ១៥គ្រួសារ ដែលសមាជិកគ្រួសារទាំង ១៥នេះជាអ្នកទទួលផលដោយផ្ទាល់ពីការបម្រើសេវាកម្មទេសចរណ៍។ ក្រៅពីនោះ ថ្វីត្បិតថាមិនបានទទួលផលច្រើន ប៉ុន្តែពួកគេមានការសប្បាយចិត្ត ដោយសារតែពួកគេអាចរកចំណូលបានពីការលក់កសិផលដែលដាំដុះបានទៅឱ្យភ្ញៀវដែលធ្វើដំណើរឆ្លងកាត់ផង និងមួយផ្នែកទៀតលក់ទៅឱ្យសហគមន៍តែម្ដង។

លោក ជឿន ប៊ុនឡាយ ដែលជាតំណាងសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ បានឱ្យដឹងថា៖ «តាំងពីចុងឆ្នាំ២០២០មក ប្រជាពលរដ្ឋរស់នៅក្នុងភូមិដែល​មានការលក់​ដូរតាមដងផ្លូវ ចុះពីផ្លូវជាតិលេខ ៤១ រហូតមកដល់ស្ទឹងភេ គឺពួកគាត់អាចរកចំណូលបាន​ច្រើនជាងមុនមួយ​កម្រិតទៀត ដោយសារភ្ញៀវ​ទេសចរធ្វើដំណើរឆ្លងកាត់ផ្លូវនេះច្រើនមក​កាន់​សហគមន៍ស្ទឹងភេ ជាពិសេសគឺថ្ងៃ​ឈប់​សម្រាកពីការងារ និងថ្ងៃបុណ្យជាតិជាដើម»។

លោកបន្តឱ្យដឹងទៀតថា នៅក្នុងសហគមន៍មាននូវសេវាកម្មម្ហូបអាហារ ដែលបន្លែ ត្រី សាច់ សម្រាប់ ធ្វើម្ហូបជូនភ្ញៀវសុទ្ធតែជាកសិផលរបស់ប្រជាសហគមន៍ផ្ទាល់តែម្ដង។ ដូច្នេះ មិនត្រឹមតែបានជួយគាំទ្រ ដំណាំកសិកម្មប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរផ្ទាល់ក៏និយមចូលចិត្តនូវកសិផលស្រស់ៗ ដែលមិនមានប្រើប្រាស់ថ្នាំគីមីផងដែរ។

បើតាមការបញ្ជាក់បន្ថែមរបស់លោក​ ជឿន​ ប៊ុនឡាយ កាលពីដើមឡើយ មិនសូវជាមានអ្នកចូលចិត្តមកលេងតំបន់​ស្ទឹងភេនេះប៉ុន្មានទេ ប៉ុន្តែដោយសារការ​រៀបចំទីតាំងធម្មជាតិមួយនេះ និងការយកទំនប់ទឹកជាគោល តំបន់របស់លោកបានស្រូបទាញ​ភ្ញៀវជិតឆ្ងាយមកទស្សនា​លំហែឥតដាច់។

អ្នកតំណាងសហគមន៍រូបនេះបន្តថា ភ្ញៀវដែលមកលេងតំបន់របស់លោកភាគច្រើនជាយុវវ័យ មានវ័យ ១៦ ទៅ២៥ឆ្នាំ ហើយមួយផ្នែកទៀតជាភ្ញៀវដែលដើរកម្សាន្ដជាលក្ខណៈគ្រួសារ។
ដោយឡែក បើគិតចំនួនភ្ញៀវជាមធ្យមក្នុងមួយថ្ងៃ សហគមន៍ទទួលបានភ្ញៀវ ២៥ នាក់ និងអាចរក​ចំណូលបានចន្លោះពី ១លាន២សែន ទៅ ២លានរៀនក្នុងមួយខែ បន្ទាប់ពីធ្វើការចាត់ចែង​ទូទាត់ថ្លៃចំណាយលើឈ្នួល​បុគ្គលិក ឥវ៉ាន់ និងសម្ភារ:ប្រើប្រាស់គ្រឿងទេស​ផ្សេងៗហើយ។

យ៉ាងណាមិញ ការកកើតឡើងជាសហគមន៍ទេសចរណ៍នេះក៏ផ្ដល់នូវផលប្រយោជន៍ដល់ធនធានធម្មជាតិក្នុងតំបន់ផងដែរ ជាពិសេសគឺកាត់បន្ថយការនេសាទហួសហេតុនៅក្នុងទំនប់ ដោយជំនួសមកវិញនូវការដាក់សេវាកម្មជិះទូកកាយ៉ាក់កំសាន្ដជូនភ្ញៀវជាដើម។

លោក ជឿន ប៊ុនឡាយ ក៏បានបង្ហើបឱ្យដឹងផងដែរពីគម្រោងពង្រីកសេវាកម្មទេសចរណ៍បន្ថែមទៀត ដើម្បីអាចរកចំណូលបានបន្ថែម ព្រមទាំងអាចជួយសេដ្ឋកិច្ចប្រជាជនឱ្យបានកាន់តែច្រើនជាងនេះបន្តទៀត៕

អត្ថបទទាក់ទង