លោក Jose Mourinho បញ្ចុះបញ្ចូល Ronaldo ឱ្យមកលេងនៅអឺរ៉ុបវិញ
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho បានទូរស័ព្ទដោយផ្ទាល់ទៅ Cristiano Ronaldo ដើម្បីសួរអំពីលទ្ធភាព ដែលគាត់ត្រឡប់មកលេងនៅអឺរ៉ុបវិញ ដោយចូលរួមជាមួយ Fenerbahce នៅរដូវក្តៅឆ្នាំ ២០២៥។
យោងតាមកាសែតទួរគី Fotomac លោក Mourinho បានទាក់ទងផ្ទាល់ជាមួយ Ronaldo ដើម្បីសួរថាតើគាត់ចង់ត្រលប់ទៅទ្វីបអឺរ៉ុប ដើម្បីលេង និងពិចារណាចូលរួមជាមួយ Fenerbahce ដែរឬទេ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេស្រង់សម្ដី ដែលគាត់បានសួរ CR7 ថា៖ «តើអ្នកសប្បាយចិត្តទេ? មានពាក្យចចាមអារ៉ាមថាអ្នកចង់ចាកចេញពីអារ៉ាប៊ីសាអូឌីត។ បើដូច្នេះ តើអ្នកចង់ទៅ Fenerbahce ទេ?»។
ទោះបីជាយ៉ាងណាក៏ដោយ Fotomac មិនបានបង្ហាញប្រតិកម្ម ឬចម្លើយរបស់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះទេ។ ប៉ុន្តែបើតាមប្រភពបានឲ្យដឹងថា លោក Mario Branco ប្រធានផ្នែកកីឡារបស់ Fenerbahce បានចាប់ផ្តើមចរចាជាមួយនឹង Al Nassr រួចហើយ។ អ្នកគាំទ្រ Fenerbahce ក៏បានចាប់ផ្តើមយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយមួយ ដែលមានឈ្មោះថា “Come to Fenerbahce” ។
គួររំលឹកថា លោក Mourinho បានធ្វើការជាមួយ Ronaldo ពីឆ្នាំ ២០១០-២០១៣ នៅពេលដែលគាត់បានដឹកនាំ Real Madrid ។ ជាមួយគ្នានោះ អ្នកទាំងពីរ បានឈ្នះ La Liga 2011-12, Spanish King’s Cup 20-2011 និង Spanish Super Cup 2012។
ទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងរវាង Mourinho និង Ronaldo មិនល្អនៅពេលក្រោយ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ធ្លាប់បានប្រាប់ ESPN កាលពីខែមិថុនា ឆ្នាំ ២០១៣ ថា ៖«ប្រហែលជា Ronaldo គិតថាគាត់ដឹងអ្វីៗទាំងអស់ ហើយគ្មានគ្រូបង្វឹកណាអាចជួយគាត់ឱ្យប្រសើរឡើងទៀតទេ។ ខ្ញុំមានបញ្ហាខ្លះជាមួយ Ronaldo នៅពេលដែលខ្ញុំរិះគន់គាត់ ចំពោះកលល្បិច។ Ronaldo មិនស្តាប់ និងមិនទទួលយកការរិះគន់នោះទេ»។
គួរបញ្ជាក់ថា លោក Mourinho បានមកដល់ Fenerbahce នៅរដូវក្តៅ ឆ្នាំ ២០២៤ ដោយបានដឹកនាំការប្រកួតសរុបចំនួន ១៩ប្រកួត ចាញ់ ៣ ស្មើ ៥ ឈ្នះ ៩។ បច្ចុប្បន្ន Fenerbahce ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌ Turkish Super League ដោយមាន ២៦ពិន្ទុ តាមពីក្រោយ Galatasaray ចំនួន ៥ពិន្ទុ។ ក្នុង Europa League ក្រុមនេះឈរនៅលេខរៀងទី ២១ ដោយមាន ៥ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន៤៕