កីឡាករសំខាន់ ៨រូប ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសាររបួស
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកចាត់ការបណ្ដោះអាសន្នរបស់អង់គ្លេស លោក Lee Carsley ត្រូវតែធ្វើការផ្លាស់ប្តូរក្រុមរបស់ខ្លួន សម្រាប់ការប្រកួតក្នុងពូល B2 Nations League របស់ពួកគេ ជាមួយនឹងប្រទេសក្រិក និងអៀរឡង់ ដោយកីឡាករសំខាន់ៗចំនួន ៨នាក់ មិនអាចបន្តលេងបាន ដោយសារតែរបួស។
កីឡាករទាំង៨នាក់នោះ មានដូចជា Trent Alexander-Arnold, Bukayo Saka, Declan Rice, Phil Foden, Jack Grealish, Levi Colwill, Cole Palmer និងអ្នកចាំទី Aaron Ramsdale សុទ្ធតែមិនអាច ជួយក្រុមលេងជាមួយក្រិក និង អៀរឡង់ បាននោះទេ ។
កីឡាករ Morgan Rogers របស់ Aston Villa បានទទួលការកោះហៅជាលើកទីមួយរបស់គាត់ ខណៈដែល Jarrod Bowen និង Jarrad Branthwaite រួមជាមួយនឹងកីឡាករ Tino Livramento និង James Trafford ដែលមិនទាន់បានបង្ហាញខ្លួន ក៏ត្រូវបានបញ្ចូលទៅក្នុងក្រុមកីឡាករទាំង ២៣នាក់របស់ លោក Carsley ផងដែរ។
នេះនឹងក្លាយជាឱកាសចុងក្រោយរបស់លោក Carsley ដើម្បីធ្វើការជាមួយក្រុមរហស្សនាម«តោកំណាច« មុនពេល Thomas Tuchel ចូលកាន់តំណែងចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា អង់គ្លេស ស្ថិតនៅលេខ២ ក្នុងពូល ដោយមាន ៩ពិន្ទុ តាមពីក្រោយក្រិក ដែលមាន១២ពិន្ទុ បន្ទាប់ពីឈ្នះទាំង ៤ប្រកួត៕