រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអាមេរិកជួបគ្នាដោយផ្ទាល់ជាលើកដំបូងក្រោយខកខានជាងមួយឆ្នាំ
បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនៅក្នុងប្រជុំ G20 ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងញុវដេលីប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី Sergey Lavrov បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងសាជាថ្មីក្រោយខកខានរយៈពេលជាងមួយឆ្នាំកន្លងមកនេះតាំងតែពីពេលជម្លោះនៅអ៊ុយក្រែន។
ក្នុងនោះផងដែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងដែរថា លោកបានធ្វើការអំពាវនាវសុំឲ្យរុស្ស៊ីក្នុងការត្រឡប់មករកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ឡើងវិញ ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់ជំហច្បាស់ហើយថា អ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់សង្គ្រាមកូនកាត់ប្រឆាំងនឹងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននោះបានក្លាយទៅជាបញ្ហាដ៏លំបាករួចទៅហើយសម្រាប់ការចរចាគ្នា។
គួរឲ្យដឹងដែរថា ភាគីទាំងពីរបានជួបពិភាក្សាគ្នាអស់រយៈពេលប្រមាណជា១០នាទី ហើយអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោក Blinken ពិតជាបានសុំទំនាក់ទំនងជាមួយនឹងលោក Lavrov ពិតមែន ប៉ុន្តែអ្វីដែលជាការជួបគ្នាលើកនេះគឺមិនអាចចាត់ទុកថាជាកិច្ចពិភាក្សា ឬចរចានោះឡើយ។
នៅក្នុងសន្និកាសែតដោយឡែកផ្ទាល់ខ្លួន លោករដ្ឋមន្ត្រី Blinken បានថ្លែងថា អាមេរិកនៅតែបន្តការគាំទ្រដល់អ៊ុយក្រែន និងបានលើកឡើងថានឹងមានការដោះដូរអ្នកទោសរវាងអាមេរិក និងរុស្ស៊ីកើតឡើង ព្រមទាំងការអំពាវនាវឲ្យរុស្ស៊ីត្រឡប់មករកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរផងដែរ៕