ចំណាប់អារម្មណ៍របស់គ្រូ Pep Muñoz មុន ព្រះខ័នរាជស្វាយរៀង ប៉ះ SP Falcons FC រសៀលនេះ
នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រុមព្រះខ័នរាជស្វាយរៀង តំណាងឲ្យកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម SP Falcons FC របស់ម៉ុងហ្គោលី ក្នុងពានរង្វាន់ AFC Challenge League 2024/2025 វេលាម៉ោង ២:០០ រសៀល (ម៉ោងកម្ពុជា) នាកីឡដ្ឋាន MFF Stadium Ulaanbaatar។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Pep Munoz បានគូសបញ្ជាក់ថា៖« SP Falcons គឺជាក្រុមមួយដែលខ្លាំង។ ពួកគេលេងដោយកម្លាំងចិត្ត និងការលេងបែបគ្រប់គ្រងបាល់ ហើយពួកគេលេងរបៀបវាយបករហ័ស បានល្អ ហើយជាទូរទៅពួកគេក៏លេងបាល់វែងផងដែរ។ ពួកយើងត្រូវបានចូលរួមការប្រកួតក្នុងកម្រិតនៃការលេងរបស់ពួកគេ ដើម្បីកុំឱ្យពួកគេលេងបាល់វែងបានងាយស្រួលនោះទេ ហើយពួកយើង លេងដើម្បីទទួលបានការគ្រប់គ្រងបាល់មកយើងវិញ»។
គ្រូបង្វឹករូបនេះ បន្តថា៖«ស្មៅសិប្បនិម្មិត និងលក្ខខណ្ឌអាកាសធាតុអាចប៉ះពាល់ដល់ការប្រកួត និងជួយពួកគេបានច្រើន ដោយសារពួកគេធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែវាមិនមែន ជាលេសដោះសារអីនោះទេ។ យើងត្រូវសម្របខ្លួនឱ្យបានលឿនតាម ដែលយើងអាចធ្វើបាន ហើយធ្វើឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និង លេងសហការជាក្រុម។
គោលដៅរបស់យើងគឺដើម្បីឈានទៅវគ្គបន្ទាប់នៃការប្រកួតប្រជែង។ វា ជាអ្វីដែលយើងចង់បាន ហើយវាជាហេតុផលដែលយើងមកទីនេះ»៕