Close

ព្រំ សំណាង ទទួលបានម៉ូតូ១គ្រឿង ពីឯកឧត្តម វ៉ី សំណាង អភិបាលកំពង់ស្ពឺ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ កីឡា
ព្រំ សំណាង ទទួលបានម៉ូតូ១គ្រឿង ពីឯកឧត្តម វ៉ី សំណាង អភិបាលកំពង់ស្ពឺ ព្រំ សំណាង ទទួលបានម៉ូតូ១គ្រឿង ពីឯកឧត្តម វ៉ី សំណាង អភិបាលកំពង់ស្ពឺ

គុនខ្មែរ : អ្នកប្រដាល់គុនខ្មែរកីឡាករ ព្រំ សំណាង នៅថ្ងៃពុធ ទី០១ ខែមីនា ម្សិលមិញនេះ បានទទួលម៉ូតូ១គ្រឿងពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីរូបគេបានប្រកួតឈ្នះកីឡាករជើងខ្លាំងមកពីរុស្ស៊ី Firdavszhon Naiimov ដែលជាជើងឯកឃីកបុកស៊ីង ២​ ដង នៅសង្វៀន Thai Fight ។

ឯកឧត្តម វ៉ី សំណាង បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការណ៍ផ្ទាល់ខ្លួនថា​ ៖« ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព Sea Games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាង សូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។ សូមអរគុណ!»។

ជាមួយគ្នានេះ ព្រំ សំណាង បាននិយាយថា ៖« ខ្ញុំបាទកីឡាករគុនខ្មែរ ព្រំ សំណាង សូមថ្លែងអំណរគុណដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ និងប្រគល់នូវម៉ូតូ១គ្រឿង Honda Dream C125 ឆ្នាំ 2023 ។ សូមឯកឧត្ដម ជួបតែសេចក្តីសុខសុភមង្គលគ្រប់ទិវារាត្រី និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»។

មែនទែនទៅ ព្រំ សំណាង ទើបតែបង្ហាញខ្លួននៅសង្វៀនថៃហ្វៃ(Thai Fight) ចំនួនពីរដងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិសេសនោះគឺកីឡាកររូបនេះ បានផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី១ ដូចគ្នា។

ការប្រកួតដំបូងរបស់គេនៅសង្វៀនដ៏ល្បីមួយនេះ ព្រំ សំណាង បានបុកជង្គង់បណ្តាលឱ្យម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័នរបស់អង់គ្លេស Thomas Carpenter ដួលសន្លប់ដោយប្រើពេលខ្លីបំផុត គឺត្រឹមតែ ១ នាទី ៥៦ វិនាទី ប៉ុណ្ណោះ ក្នុងការប្រកួតកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ៕

អត្ថបទទាក់ទង