ក្នុងរយៈពេល ៩ ខែ កម្ពុជានាំចេញអង្ករជាង ៤៤ម៉ឺនតោន គិតជាទឹកប្រាក់បានជាង ៣០០លានដុល្លារ
ភ្នំពេញ៖ ការនាំចេញក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣ តោន គិតជាទឹកប្រាក់បានចំនួន ៣៣៥.៤០លានដុល្លារ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤
ប្រភពដដែលនេះបានបញ្ជាក់ថា «ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករបានចំនួន ៤៤៥ ៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៦ ០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ បានចំនួន ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៨៧ លានដុល្លារសហរដ្ឋអាមេរិក»។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២.០១% ប្រភេទអង្ករស ធម្មតា ២២.៥២% អង្ករចំហ៊ុយ ៣.៣១% អង្ករសរីរាង្គចំនួន ១.៨២% និងអង្ករផ្សេងៗចំនួន ០.៣៤% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦.៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕