ឡាវ ទំនងជាមិនទិញសិទ្ធិផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជានោះទេ
ប្រទេសឡាវ ត្រូវបានគេរំពឹងថា នឹងមិនទិញសិទ្ធិផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពីកម្ពុជា នោះទេ ដោយរង់ចាំមើលតាមរយៈប៉ុស្តិ៍ថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៍មាន Thairath Sport។
កាលពីពេលថ្មីៗនេះ មានពាក្យចចាមរាមថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហៅកាត់ថា CAMSOC បានផ្លាស់ប្តូរប្រពៃណីនៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដោយការផ្តួចផ្តើមលក់សិទ្ធិផ្សាយបន្តផ្ទាល់ក្នុងតម្លៃរហូតដល់ ៨០ ម៉ឺនដុល្លារអាមេរិក ឬប្រហែល ២៨ លានបាត ខណៈកន្លងមកប្រទេសជាសមាជិកទទួលបានសិទ្ធិផ្សាយដោយឥតគិតថ្លៃពីប្រទេសម្ចាស់ផ្ទះ។
យោងតាមសារព័ត៍មាន Thairath Sport ដែលបានដកស្រងសំណេរ ពីគេហទំព័រ Top Laos Story ដែលជាទំព័ររាយការណ៍ព័ត៌មានរបស់ប្រទេសឡាវ បានរាយការណ៍ថា បច្ចុប្បន្ននេះ អាជ្ញាធរឡាវ មិនទាន់មានចំណាត់ការណាមួយទាក់ទងនឹងការប្រកាសសិទ្ធិផ្សាយ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នោះទេ បូករួមទាំងប្រព័ន្ធផ្សព្វផ្សាយធំៗនៅប្រទេសឡាវ ក៏នៅស្ងៀមស្ងាត់ដែរ។ មិនមានព័ត៌មានរាយការណ៍អំពីថ្លៃទិញសិទ្ធិផ្សាយបន្តផ្ទាល់នោះទេ។
Thairath Sport បានបន្ថែមថា គេដឹងច្បាស់ថា ប្រជាជនឡាវ កម្រមើលប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនណាស់។ ប៉ុន្តែការនិយមមើលប៉ុស្តិ៍ថៃ ហើយការមើលស៊ីហ្គេមជារៀងរាល់ឆ្នាំ ប្រជាជនឡាវ និយមមើលប៉ុស្តិ៍ថៃ។ ដូច្នេះ ឡាវ ប្រហែលមិនទិញអាជ្ញាប័ណ្ណនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ថៃ ត្រូវផ្សាយដល់ប្រជាជនថៃ។
គួររំលឹកថា ព្រឹត្តិការណ៍ស្រដៀងគ្នានេះបានកើតឡើងក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសឡាវ ដោយពួកគេទាញសញ្ញាពីប្រទេសថៃ ដើម្បីទស្សនា World Cup ដោយឥតគិតថ្លៃ ដោយមិនចាំបាច់បង់ថ្លៃសួយសារនោះទេ៕