មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកលើកឡើងថា អ៊ីរ៉ង់បានគំរាមកំហែងធ្វើឃាតលោក Trump
អាមេរិក៖ ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump បាននិយាយថា ក្រុមមន្ត្រីស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក បានប្រាប់ពីការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ងក្នុងការធ្វើឃាតលោក Trump ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតបញ្ជាក់ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ត្រូវបានរងការគំរាមកំហែងពិតប្រាកដ និងជាក់លាក់ពីប្រទេសអ៊ីរ៉ង់ក្នុងការធ្វើឃាត ដើម្បីធ្វើឱ្យមានអស្ថិរភាព និងបង្កភាពចលាចលនៅក្នុងប្រទេសសហរដ្ឋអាមេរិក ។
ទោះជាយ៉ាងណា តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា ការអះអាងខាងលើនេះមិនទាន់ច្បាស់នៅឡើយទេ ថាតើការគំរាមកំហែងនេះ ជារឿងថ្មី ឬ ក៏ជាករណីពីមុន។
យ៉ាងណា រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែកន្លងមកទីក្រុងតេអេរ៉ង់បានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកអំពីការជ្រៀតជ្រែកក្នុងកិច្ចការសហរដ្ឋអាមេរិក។
នាយកផ្នែកទំនាក់ទំនងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump លោក Steven Cheung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «មន្រ្តីស៊ើបការណ៍បានកំណត់អត្តសញ្ញាណលើ ការគំរាមកំហែងពីការធ្វើឃាតនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ»។
លោកបានបន្ថែមថា «មន្រ្តីអនុវត្តច្បាប់នៅទូទាំងផ្នែកទាំងអស់កំពុងធ្វើការដើម្បីធានាថាលោកប្រធានាធិបតី Trump ត្រូវបានការពារ ហើយការបោះឆ្នោតគឺគ្មានការជ្រៀតជ្រែក» ។ យ៉ាងណាក៏ដោយសារព័ត៌មាន BBC បានទាក់ទងទៅការិយាល័យនាយកស៊ើបការណ៍ជាតិនៅសហរដ្ឋអាមេរិក ដើម្បីធ្វើការអត្ថាធិប្បាយ។ប៉ុន្តែមិនទាន់មានការអត្ថាធិប្បាយ។
ករណីគំរាមកំហែងនេះ បាន កើតឡើង បន្ទាប់ពីលោក Trump បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលគាត់ត្រូវបានរងរបួស និងមនុស្សម្នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅឯការជួបជុំអ្នកគាំទ្រមួយក្នុងរដ្ឋ Pennsylvania ។
ប៉ុន្មានថ្ងៃក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថា ក្រុមមន្ត្រីបានទទួលព័ត៌មានចារកម្មនៃផែនការរបស់អ៊ីរ៉ង់ដែលចោទប្រកាន់អតីតប្រធានាធិបតី Donald Trupm។ មន្ត្រីអ៊ីរ៉ង់នៅពេលនោះបានច្រានចោលការចោទប្រកាន់នេះថាជា«ការព្យាបាទ» ។
ជាមួយគ្នានោះ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោក នៅពេលនោះថា «ប្រសិនបើពួកគេចង់ធ្វើឃាតប្រធានាធិបតី Trump ខ្ញុំសង្ឃឹមថាអាមេរិកនឹងកម្ចាត់អ៊ីរ៉ង់ លុបចេញពីផែនដី ប្រសិនបើវាមិនកើតឡើងទេ មេដឹកនាំអាមេរិកនឹងត្រូវចាត់ទុកថាជា “មនុស្សកំសាក”»។
បន្ទាប់មកនៅថ្ងៃទី ១៥ ខែកញ្ញា ភ្នាក់ងារសម្ងាត់របស់អាមេរិកម្នាក់បានប្រទះឃើញកាំភ្លើងមួយដើមនៅជាប់របង ក្លឹបកីឡាវាយកូនហ្គោលអន្តរជាតិ របស់លោក Trump នៅ តំបន់ West Palm Beach ។ ភ្នាក់ងារបានបាញ់ចំពេលលោក Trump កំពុងលេងវាយកូនហ្គោល។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Ryan Wesley Routh ដែលត្រូវបានចាប់ខ្លួននៅជិតទីលានវាយកូនហ្គោល ជាមួយនឹងការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតី។ ទោះជាយ៉ាងណា មិនមានការលើកឡើងថា ប្រទេសអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធក្នុងករណីទាំងពីរនេះទេ។
កាលពីខែមុន មន្ត្រីរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់Trump បាននិយាយថា ទំនាក់ទំនងផ្ទៃក្នុងរបស់ខ្លួនមួយចំនួនត្រូវបានគេលួចចូល ហើយបាននិយាយថា «វាជាគោលដៅដោយប្រតិបត្តិករអ៊ីរ៉ង់»៕