អ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ស្នើសុំការការពារយោធា ដោយខ្លាចធ្វើឃាតពីសំណាក់អ៊ីរ៉ង់
អាមេរិក៖ ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump បេក្ខភាពប្រធានាធិបតី បានស្នើសុំឱ្យប្រើប្រាស់យន្តហោះយោធា ដើម្បីការពារអតីតប្រធានាធិបតីនេះ ក្នុងសប្តាហ៍ចុងក្រោយនៃការឃោសនាបោះឆ្នោត ព្រោះខ្លាចប្រទេសអ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាត ។ នេះ គឺជាការស្នើសុំដែលមិនធ្លាប់មានពីមុនមកសម្រាប់បេក្ខជនបោះឆ្នោតនៅសហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Aljazeera សំណើនេះរួមបញ្ចូលផងដែរនូវការរឹតបន្តឹងការហោះហើរលើលំនៅឋាន និងការជួបជុំរបស់លោក Trump ជាពិសេសស្នើសុំបញ្ជូនរថយន្តយោធាជាច្រើនគ្រឿងទៅជុំវិញនោះ ។
កាសែត The New York Times និង Washington Post បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការរឹតបន្តឹងលើសុវត្ថិភាពចំពោះលោក Trump ត្រូវបានគេចាត់ទុកថាគ្មានភស្តុតាងណាមួយដែលប្រទេសអ៊ីរ៉ង់អាចនៅពីក្រោយការប៉ុនប៉ងធ្វើឃាតថ្មីៗចំនួនពីរប្រឆាំងនឹង អតីតប្រធានាធិបតីរូបនេះ។
គ្មានបេក្ខភាពប្រធានាធិបតីរូបណាម្នាក់ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានស្នើសុំឱ្យមានយន្តហោះយោធាហោះហើរពេលកំពុងធ្វើយុទ្ធនាការមុនការបោះឆ្នោត។ យ៉ាងណា លោកស្រី Kamala Harris ទទួលបានការការពារផ្នែកយោធាដោយយន្តហោះ Air Force Two ដែលជាយន្តហោះយោធា ដោយសារតែលោកស្រីជាអនុប្រធានាធិបតីនៅក្នុងដំណែង។
កាលពីខែមុន អ្នកនាំពាក្យយុទ្ធនាការ របស់លោក Trump លោក Steven Cheung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Trump ត្រូវបានព្រមានដោយការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ “ទាក់ទងនឹងការគំរាមកំហែងពិតប្រាកដ និងជាក់លាក់ពីប្រទែសអ៊ីរ៉ង់ក្នុងការធ្វើឃាតដើម្បីធ្វើឱ្យអស្ថិរភាព និងបង្កភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក៕