យោងតាមកាសែត Marca Vinicius Jr. ដឹងថា ខ្លួននឹងឈ្នះ Ballon d’Or ឆ្នាំនេះ
កីឡាករប្រេស៊ីល Vinicius Junior នឹងក្លាយជាកីឡាករដែលមានភាគរយខ្ពស់សម្រាប់ការឈ្នះ Ballon d’Or នាពេលខាងមុខនេះ ដោយតារាឆ្នើមរបស់ Real Madrid សង្ឃឹមថា នឹងអាចឈ្នះពានមួយនេះ បន្ទាប់ពីយុទ្ធនាការដ៏ល្អមួយកាលពីរដូវកាលមុន។
ទោះបីជា Vinicius ប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីមិត្តរួមក្រុមដូចជា Dani Carvajal, Jude Bellingham និង Kylian Mbappe ក៏ដោយ វាហាក់បីដូចជាកីឡាករសញ្ជាតិប្រេស៊ីល មានទំនុកចិត្តក្នុងឈ្នះ Ballon d’Or ឆ្នាំនេះ។
យោងតាមកាសែត MARCA ខ្សែប្រយុទ្ធប្រេស៊ីល មានទំនុកចិត្តថា ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងរដូវកាល 2023-24 នឹងត្រូវបានទទួលស្គាល់នៅក្នុងពិធីប្រគល់ពានរង្វាន់នៅថ្ងៃទី ២៨ ខែតុលា នៅទីក្រុងប៉ារីស។
កាលពីរដូវកាលមុន តារាឆ្នើមរបស់ក្លឹប Real Madrid រូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងយុទ្ធនាការ Champions League របស់ Madrid ដោយបានរួមចំណែកដល់ ១១គ្រាប់ ពោលគឺស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាន ៥ គ្រាប់ និងជួយក្លិបស្ដេចសលើកពានអឺរ៉ុបជាលើកទី១៥។
ទេសកោសល្យក្នុងការញ៉ាក់ និងបណ្ដើរបាល់ ជំនាញក្នុងការបង្កើតឱកាស ក៏ដូចជាសមត្ថភាពក្នុងបញ្ចប់ទី ពិតណាស់ រូបគេគឺជាបេក្ខភាពដ៏សាកសម និងមានភាគរយខ្ពស់ក្នុងការឈ្នះពាន Ballon d’Or ៕