Vinicius Junior ស៊ុត Hat-Trick ជួយ Real Madrid វាយបកយកឈ្នះ Dortmund នៅ Champions League
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior បានស៊ុតបញ្ជូលទី៣គ្រាប់ម្នាក់ឯង (Hat-Trick) ជួយក្រុមរបស់ក្រុមអធិរាជស Real Madrid វាយបកយកឈ្នះក្រុម Borussia Dortmund ក្នុងលទ្ធផល ៥-២ ក្នុងការប្រកួត UEFA Champions League កាលពីយប់មិញ។
មែនទែនទៅ ការប្រកួតនេះ គឺជាការប្រកួតសងសឹង សម្រាប់ក្រុម Dortmund ដោយសារបានចាញ់ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលមុន ក្នុងលទ្ធផល ២-០។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ប្រទេសអេស្ប៉ាញ់ កាលពីយប់មិញនេះ Donyell Malen និង Jamie Gittens រកបានម្នាក់មួយគ្រាប់ ជួយឱ្យក្រុមភ្ញៀវ Dortmund នាំមុខ Real Madrid ក្នុងលទ្ធផល ២-០ នៅតង់ទី១។ យ៉ាងណា នៅតង់ទីពីរ ក្រុមដែលមានរហស្សនាមថា អធិរាជចុងម៉ោង ដែលដឹកនាំដោយលោក Carlo Ancelotti បាយបកចំនួន ៥គ្រាប់វិញ ដោយរកបានដោយកីឡាករ Antonio Rudiger និង Lucas Vazquez ម្នាក់មួយគ្រាប់ ខណៈ Vinicius Junior ដែលជា Key Player របស់ Real រកបាន៣គ្រាប់ម្នាក់ឯង។
ក្នុងប្រកួតបើកឆាក Real Madrid បានយកឈ្នះ ក្រុម VfB Stuttgart ក្នុងលទ្ធផល ៣-១ ប៉ុន្តែបានបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោមថ្វីជើងក្រុម Lille ក្នុងលទ្ធផល ១-០។
គួរបញ្ជាក់ថា Vinicius Junior របស់ប្រេស៊ីលគឺជាបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ ដោយសារយុទ្ធនាការដ៏ល្អកាលពីរដូវកាលមុន។ រូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការប្រកួត Champions League ដោយបានរួមចំណែកគ្រាប់បាល់ ១១គ្រាប់ (ស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាន ៥គ្រាប់) និងជួយក្លិបស្ដេចសលើកពានអឺរ៉ុប ជាលើកទី១៥៕