ក្រុមជម្រើសជាតិថៃ កំពុងធ្វើព្យុះភ្លៀង នៅ FIFA Futsal World Cup 2024
ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិថៃ ផ្នែកបុរស កំពុងតែធ្វើព្យុះធ្វើភ្លៀង នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup 2024 ដែលរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន។
ក្នុងពានរង្វាន់ FIFA Futsal World Cup 2024 នេះ ក្រុមជម្រើសជាតិថៃ ស្ថិតនៅក្នុងពូល B ជាមួយក្រុមដែលមានចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក ប្រេស៊ីល ក្រូអាត និងគុយបា។
នៅក្នុងការប្រកួតបើកឆាក កាលពីថ្ងៃទី១៤ ខែកញ្ញា ថៃ ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះក្រុមខ្លាំងក្រូអាច ក្នុងលទ្ធផល ២ទល់និង១។ បន្ទាប់មកក្រុមដែលមកពីតំបន់អាស៊ានមួយនេះ បានបន្តយកឈ្នះក្រុមគុយបា ក្នុងលទ្ធផល ១០ទល់និង៥ ។ តាមរយៈជ័យជំនះទាំង២ប្រកួតនេះ បានធ្វើឲ្យថៃ មាន ៦ពិន្ទុពេញ ស្មើជាមួយក្រុមកំពូលតារាង ប្រេស៊ីល ដោយចាញ់តែគ្រាប់បាល់ចំណេញប៉ុណ្ណោះ។
នៅប្រកួតបន្ទាប់ ថៃ ត្រូវប្រឈមមុខជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃ សុក្រ ទី២០ ខែកញ្ញា ស្អែកនេះ នៅក្នុងសាល Bukhara Universal Sports Complex ដើម្បីរកក្រុមដែលឈរកំពូលតារាងក្នុងពូល B។
ជាការពិតណាស់ ភាពជោគជ័យរបស់ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិថៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺគេមានការរៀបចំ និងការហ្វឹកហាត់យ៉ាងទៀងទាត់ ទើបធ្វើឲ្យប្រទេសជិតខាងកម្ពុជាមួយនេះ អាចឈានដល់កម្រិតពិភពលោកបែបនេះ។
ជាក់ស្ដែងថៃ បានបង្កើតនៅលីគបាល់ទាត់ហ្វូតសាលមួយយ៉ាងច្បាស់លាស់ និងទៀងទាត់ គឺមិនមែនធ្វើឡើងមួយឆ្នាំបាត់មួយឆ្នាំនោះទេ ពោលគឺត្រូវបានរៀបចំឡើងយ៉ាងដោយមានកាលវិភាគត្រឹមត្រូវ ដូចជាបាល់ទាត់ក្រៅសាលអញ្ជឹង។ បន្ថែមពីនេះ ថៃ ក៏មានលីគបាល់ទាត់ក្នុងសាល សម្រាប់យុវជនគ្រប់ឈុតផងដែរ ជាហេតុធ្វើឲ្យជម្រើសជាតិរបស់គេខ្លាំង។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោកនេះ រៀបចំរៀងរាល់ ៤ឆ្នាំម្ដង ដោយធ្វើឡើងដំបូង នៅឆ្នាំ១៩៨៩ កាលណោះ ប្រទេសហូឡង់ ធ្វើជាម្ចាស់ផ្ទះ។ ក្រុមជម្រើសជាតិប្រេស៊ី ជាក្រុមដែលឈ្នះជើងឯកច្រើនជាងគេ ចំនួន ៥លើក ខណៈ អេស្ប៉ាញ ឈ្នះចំនួន ២លើក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup ដែលធ្វើឡើងនៅ ប្រទេសអ៊ូសបេគីស្ថាន ធ្វើឡើងចាប់ផ្ដើម ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤៕