ទីបំផុត ! វៀតណាម សម្រេចតែងតាំងគ្រូបង្វឹកថ្មីជាផ្លូវការណ៍ ត្រៀមដឹកនាំក្រុមជម្រើសជាតិលេងស៊ីហ្គេម នៅកម្ពុជា
ហាណូយ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះ សហព័ន្ធកីឡាករបាល់ទាត់វៀតណាម ហៅកាត់ថា VFF បានប្រកាសជាផ្លូវការថា លោក Philippe Troussier ក្លាយជាគ្រូបង្វឹកជម្រើសជាតិវៀតណាម និងជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ដើម្បីត្រៀមខ្លួនលេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។
បើតាម VFF លោក Philippe Troussier បានចុះកិច្ចសន្យារយៈពេលបីឆ្នាំជាមួយវៀតណាម ហើយកិច្ចសន្យារបស់គ្រូបង្វឹកសញ្ជាតិបារាំង ជាមួយ VFF នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។ ភារកិច្ចដំបូងរបស់លោក Philippe Troussier គឺត្រូវដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បោះជំរុំហ្វឹកហាត់ ត្រៀមលេងស៊ីហ្គេមនៅកម្ពុជា ដែលនឹងមកដល់នាពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់មកលេងវគ្គជម្រុះ AFC U-23 Asian Cup 2024 និងជម្រុះ World Cup 2026 ។
មែនទែនទៅ មិនមែនរឿងថ្មីនោះទេ សម្រាប់លោក Troussier ជាមួយបាល់ទាត់វៀតណាម។ លោកបានធ្វើការជាទីប្រឹក្សាយុទ្ធសាស្ត្រ និងបន្ទាប់មកជានាយកបច្ចេកទេសនៅមូលនិធិលើកកម្ពស់ទេពកោសល្យបាល់ទាត់វៀតណាម (PVF) Academy ក្នុងឆ្នាំ ២០១៨។
មួយឆ្នាំក្រោយមក លោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម U19 វៀតណាម និងបានដឹកនាំក្រុមទៅវគ្គជម្រុះពានរង្វាន់ U19 AFC Championship 2020 ដែលក្រោយមកត្រូវបានលុបចោលដោយសារកូវីដ១៩។ ក្រោយមកលោកបានចាកចេញ បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយ VFF បានផុតកំណត់ នៅក្នុងខែមិថុនា ឆ្នាំ២០២១៕