ក្ដៅៗ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចចែកផ្លូវជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Felix G.Dalmas
នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានការភ្ញាក់ផ្អើលជាខ្លាំងក្នុងវិស័យបាល់ទាត់កម្ពុជា ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកផ្លូវជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas។
មែនទែនទៅការប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix G.Dalmas ធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាញ់ស្រីលង្កា ដោយបាល់ពិន័យ១១ម៉ែត្រ ៤-២ ធ្វើឲ្យកម្ពុជា ធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup Saudi Arabia 2027។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
«គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Félix Dalmás សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។ សូមជូនពរលោក Félix Dalmás ជួបតែភាពជោគជ័យ ល្អប្រសើរសម្រាប់ការងារបន្តរបស់ខ្លួន នាថ្ងៃខាងមុខ»។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងគ្រូបង្គោលថ្មី លោក Félix Dalmás ដែលដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ ជំនួសតំណែងអ្នកចាត់ការសញ្ជាតិជប៉ុន លោក Keisuke Honda ជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំ។
មែនទែនទៅ នេះគឺជាលើកទីពីរហើយ សម្រាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ក្នុងការដឹកនាំក្រុមគោព្រៃកម្ពុជា ខណៈលោកដឹកនាំលើកដំបូង ក្នុងឆ្នាំ ២០១៨។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Felix G.Dalmas ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីការប្រកួតជើងឯកពិភពលោក World Cup 2026 ក្នុងវគ្គជម្រុះបឋម និងជើងឯកអាស៊ី 2027 AFC Asian Cup នៅក្នុងវគ្គជម្រុះជុំទី២៕